ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ទទួលស្គាល់លទ្ធផលឆ្នោត ប៉ុន្តែមិនចូលរួមពិធីប្រគល់តំណែងឱ្យលោក ចូ បៃដិន នោះទេ

    BY autoadmin January 9, 2021
    លោក ដូណាល់ ត្រាំ ទទួលស្គាល់លទ្ធផលឆ្នោត ប៉ុន្តែមិនចូលរួមពិធីប្រគល់តំណែងឱ្យលោក ចូ បៃដិន នោះទេ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១ បាននិយាយថា លោកនឹងមិននៅចូលរួមពិធីសម្ពោធលើងកាន់តំណែងជាប្រធានាធិបតីរបស់លោក ចូ បៃដិន ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែមករា នោះទេ បន្ទាប់ពីទើបតែបានសន្យាថា នឹងមានការប្រគល់អំណាចដោយសន្តិវិធី។ ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយថា មានការពិភាក្សាគ្នានៅឯសេតវិមានទាក់ទងនឹងលោក ដូណាល់ ត្រាំ ដែលគាត់នឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៩ ខែមករា។ ប្រភពបាននិយាយថា គាត់ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់រមណីយដ្ឋាននៅរដ្ឋ Florida របស់គាត់។

    លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖«ចំពោះអ្នកទាំងអស់ដែលបានសួរ គឺខ្ញុំនឹងមិនទៅចូលរួមពិធីសម្ពោធឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា នោះទេ»។ យ៉ាងណាលោក ដូណាល់ ត្រាំ មិនបានផ្តល់តម្រុយណាមួយអំពីរបៀបដែលគាត់ នឹងត្រូវចំណាយពេលវេលាប៉ុន្មានថ្ងៃចុងក្រោយរបស់គាត់នៅក្នុងការិយាល័យទេ។ គាត់បានក្លាយជាប្រធានាធិបតីកំពុងកាន់តំណែងជាលើកដំបូង ចាប់តាំងពីលោក Andrew Johnson ដែលបានរំលងមិនចូលរួមការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី។ ជម្រាបផងដែរថា វាជាប្រពៃណីមួយដែលប្រធានាធិបតីចាស់និងថ្មី ត្រូវជិះទៅវិមាន Capitol រួមគ្នាសម្រាប់ពិធីនេះ ដែលជានិមិត្តរូបនៃការប្រគល់តំណែងដោយសន្តិវិធីរបស់ប្រទេសជាតិ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: