អ្នកជំនាញបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Sriwijaya Air មានសភាពបែបនេះពេលបុកនឹងផ្ទៃទឹកសមុទ្រ
ឥណ្ឌូនេស៊ី៖ សារព័ត៌មាន Channel News Asia បានចុះផ្សាយថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Sriwijaya Air ដែលបានធ្លាក់កាលពីចុងសប្តាហ៍មុននេះទំនងជាបានបាក់បែក ឬធ្លុះធ្លាយផ្នែកខ្លះនៅពេលដែលយន្តហោះបានបុកជាមួយនឹងផ្ទៃទឹក។ ការសន្និដ្ឋានខាងលើនេះគឺជាអះអាងរបស់អ្នកជំនាញម្នាក់គឺលោក Nurcahyo Utomo ដែលបានធ្វើការស៊ើបអង្កេតនិងធ្វើការជាមួយគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូណេស៊ីយ៉ាងស៊ីជម្រៅជុំវិញករណីធ្លាក់យន្តហោះមួយគ្រឿងនេះ។

អ្នកជំនាញរូបនេះបានបញ្ជាក់ថា គេបានរកឃើញកម្ទេចកម្ទីមួយចំនួនតូចដែលជាបំណែកនៃយន្តហោះនៅក្នុងទឹកសមុទ្រ ហើយតាមរយៈកម្ទេចកម្ទីទាំងនោះអាចបញ្ជាក់ថា យន្តហោះបានបែកធ្លាយក្នុងទំហំតូចមួយ ដែលការបែកធ្លាយនេះគឺកើតមាននៅពេលយន្តហោះបានបុកនឹងផ្ទៃទឹកតែម្តង ព្រោះបើការបែកធ្លាយកើតមាននៅលើអាកាសនោះគឺវានឹងមានទំហំធំហើយក៏មានកម្ទេចកម្ទីច្រើនជាងនេះដែរ។
គួរម្លឹកជូនថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Sriwijaya Air បានធ្លាក់កាលពីចុងសប្តាហ៍នេះគឺជាប្រភេទយន្តហោះសម្រាប់ធ្វើដំណើរនៅក្នុងស្រុក មានផ្ទុកអ្នកដំណើរចំនួន ៥០ នាក់ក្នុងនោះមានកូនក្មេងចំនួន ១០នាក់ និងក្រុមការងារបម្រើការងារនៅក្នុងយន្តហោះចំនួន ១២ នាក់ ហើយមនុស្សនៅក្នុងយន្តហោះទាំងអស់សុទ្ធតែបានស្លាប់បាត់បង់ជីវិតនៅក្នុងឧប្បទវហេតុមួយនេះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia