ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំពុងពិចារណាពីលទ្ធភាពនៃការផ្តល់ប្រាក់ជួយសង្គ្រោះពលរដ្ឋ និងអាជីវកម្មខ្នាតតូច ដែលរងគ្រោះដោយវិបត្តិជំងឺកូវីដ ១៩ ជាថ្មីម្តងទៀត

    BY autoadmin January 12, 2021
    ថៃកំពុងពិចារណាពីលទ្ធភាពនៃការផ្តល់ប្រាក់ជួយសង្គ្រោះពលរដ្ឋ និងអាជីវកម្មខ្នាតតូច ដែលរងគ្រោះដោយវិបត្តិជំងឺកូវីដ ១៩ ជាថ្មីម្តងទៀត

    ថៃ៖ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងតែពិចារណាអំពីលទ្ធភាពនៃការផ្តល់ប្រាក់ជួយសង្គ្រោះពលរដ្ឋ និងអាជីវកម្មខ្នាតតូចមួយចំនួនដែលរងគ្រោះដោយវិបត្តិនៃជំងឺកូវីដ ១៩ ជាថ្មីម្តងទៀត ខណៈជំងឺកូវីដ ១៩ នៅតែបន្តផ្តល់ការប៉ះពាល់ដល់ក្រុមអាជីវកម្មប្រភេទនេះយ៉ាងខ្លាំង។ ប្រភពខាងលើបានបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha លោកឧបនាយករដ្ឋមន្ត្រីថៃ Supattanapong Punmeechaow និងរដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុថៃគឺលោក Arkhom Termpittayapaisith បានបើកការប្រជុំពិសេសមួយនៅឯវិមានរដ្ឋាភិបាលដើម្បីពិភាក្សាអំពីគម្រោងជួយសង្គ្រោះនេះហើយ តែលទ្ធផលផ្លូវការចុងក្រោយយ៉ាងណានោះមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។

    គួររម្លឹកជូនថា នាពេលកន្លងមករដ្ឋាភិបាលថៃធ្លាប់បានដាក់ចេញនូវយន្តការជួយសង្គ្រោះអាជីវកម្មខ្នាតតូចនេះម្តងរួចហើយ ដោយកាលនោះរដ្ឋាភិបាលថៃបានសម្រេចផ្តល់គូប៉ុងជាការបញ្ចុះតម្លៃ ៥០% ក្នុងទំហំទឹកប្រាក់ដែលបានកំណត់មួយទៅកាន់ប្រជាពលរដ្ឋសម្រាប់យកទៅទិញអាហារតាមដងផ្លូវមួយចំនួនដែលបានចុះបញ្ជីជាមួយអាជ្ញាធរ។

    យន្តការនេះនឹងលើកទឹកចិត្តឲ្យពលរដ្ឋរីករាយក្នុងការទិញចំណីអាហារជាងធម្មតាព្រោះពួកគេត្រូវចំណាយតែ ៥០% ប៉ុណ្ណោះនៃតម្លៃសរុប ខណៈក្រុមអ្នកលក់នៅទទួលបានតម្លៃពេញដដែល ដោយពួកគេអាចទៅបើកយកប្រាក់ ៥០% ផ្សេងទៀតដែលជាការបញ្ចុះតម្លៃនោះពីរដ្ឋាភិបាលវិញបាន។ ប្រភពខាងលើបានបន្តថា យន្តការសម្រាប់ជួយសង្គ្រោះក្រុមអាជីវកម្មខ្នាតតូចលើកនេះក៏ទំនងជាមិនខុសពីអ្វីដែលរដ្ឋាភិបាលថៃធ្លាប់បានធ្វើនាពេលកន្លងមកដែរ ហើយអ្វីដែលកំពុងរង់ចាំមើលនោះគឺជាទំហំទឹកប្រាក់ដែលរដ្ឋាភិបាលនឹងប្រើប្រាស់ និងចំនួនអាជីវកម្មជាក់លាក់ដែលត្រូវមកទទួលយកការជួយសង្គ្រោះដោយយន្តការមួយនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: