ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលជប៉ុនពិចារណាលើការពង្រីកស្ថានភាពអាសន្នទៅតាមបណ្ដាខេត្តបន្ថែមទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស

    BY autoadmin January 12, 2021
    រដ្ឋាភិបាលជប៉ុនពិចារណាលើការពង្រីកស្ថានភាពអាសន្នទៅតាមបណ្ដាខេត្តបន្ថែមទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស

    រដ្ឋាភិបាលជប៉ុនកំពុងពិចារណាលើការពង្រីកស្ថានភាពអាសន្នរបស់ខ្លួន នៅក្នុងកិច្ចប្រឹងប្រែងថ្មីមួយទៀត ដើម្បីទប់ទល់នឹងការកើនឡើងនៃជំងឺ COVID-19 ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំង។ ជម្រាបដែរថា សេចក្តីប្រកាសអាសន្នបច្ចុប្បន្ននេះ ទើបតែគ្របដណ្តប់លើទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន ៣ ប៉ុណ្ណោះ។ ការប្រកាសអាសន្នបានចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយនឹងនៅតែបន្តរហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ។ ក្នុងនោះនាយករដ្ឋមន្រ្តីលោក Suga Yoshihide ក៏បានធ្វើបច្ចុប្បន្នភាពស្ដីពីបញ្ហាទាំងនេះ ទៅកាន់សមាជិកនៃសម្ព័ន្ធភាពរបស់គាត់នៅព្រឹកថ្ងៃអង្គារនេះផងដែរ។

    លោក Suga Yoshihide បាននិយាយថា៖«នៅខាងក្រៅតំបន់តូក្យូ … ការឆ្លងកំពុងរាលដាលយ៉ាងឆាប់រហ័សនៅអូសាកា និងអាណាខេត្តផ្សេងទៀត។ រដ្ឋាភិបាលនឹងពិចារណាពង្រីកស្ថានភាពអាសន្ន ដើម្បីគ្រប់គ្រងលើបញ្ហាទាំងនេះ»។ អាណាខេត្តអូសាកា ហ្ចូកុ និងក្យូតូ ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចូលក្នុងវិធានការណ៍នេះនៅដើមថ្ងៃពុធ។ អភិបាលខេត្តតូឈីជិ ក៏បានស្នើសុំឱ្យអនុវត្តសេចក្តីប្រកាសនេះ ខណៈអភិបាលខេត្តអៃឈិ និងហ្គ៊ីហ្វឹ គ្រោងនឹងស្នើសុំស្រដៀងគ្នា។

    ជម្រាបដែរថាស្ថានភាពអាសន្ននៅក្នុងប្រទេសជប៉ុន គឺមិនតឹងរឹងជាងបណ្តាប្រទេសលោកខាងលិចនោះទេ។ វាគ្រាន់តែផ្តល់សិទ្ធិអំណាចស្របច្បាប់ដល់អភិបាលខេត្ត ដើម្បីជំរុញប្រជាជនឱ្យចូលរួមសហការជាមួយកិច្ចខិតខំប្រឹងប្រែងបង្ការជំងឺ ប៉ុន្តែមិនមានការពិន័យតាមផ្លូវច្បាប់ចំពោះការមិនគោរពតាមឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: