ឥណ្ឌូនេស៊ីបានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac Biotech ជាផ្លូវការ
ប្រទេសឥណ្ឌូនេស៊ីបានអនុញ្ញាតឱ្យមានការប្រើប្រាស់ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac Biotech ។ ទីភ្នាក់ងារជាតិឥណ្ឌូនេស៊ីសម្រាប់ការគ្រប់គ្រងឱសថ និងស្បៀងអាហារ បាននិយាយកាលពីថ្ងៃច័ន្ទថា វ៉ាក់សាំងនេះមានអត្រាប្រសិទ្ធភាព ៦៥.៣% នៅក្នុងការធ្វើតេស្តនៅក្នុងប្រទេសរបស់ពួកគេ ដែលវាគ្រប់គ្រាន់អាចឆ្លើយតបនឹងតម្រូវការរបស់អង្គការសុខភាពពិភពលោក (WHO) ។

មន្រ្តីទីភ្នាក់ងារនិយាយថា ពួកគេបានពិនិត្យទិន្នន័យពីការធ្វើតេស្តគ្លីនិក ដែលកំពុងបន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាទិន្នន័យពីការធ្វើតេស្តស្រដៀងគ្នានៅក្នុងប្រទេសប្រេស៊ីល និងតួកគី។ ប្រភពនិយាយថា ការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំគ្រោងនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ដោយផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល ហើយពួកគេនឹងឃ្លាំមើលយ៉ាងជិតស្និទ្ធចំពោះផលប៉ះពាល់ណាមួយ ឬបញ្ហាផ្សេងទៀត។ ប្រធានាធិបតីលោក Joko Widodo ក៏បានស្ថិតក្នុងចំណោមក្រុមមនុស្សដំបូង ដែលត្រូវបានទទួលថ្នាំបង្ការ ដើម្បីបង្ហាញពីសុវត្ថិភាពនៃការចាក់ថ្នាំបង្ការនោះ។
ចំណែកអង្គការអ៉ីស្លាមមួយនៅក្នុងប្រទេសនេះ ក៏បានផ្តល់ស្លាកសញ្ញាហាឡាល់ (Halal certification) ទៅដល់វ៉ាក់សាំងបង្ការនេះ ដោយធានាថាវាគោរពតាមច្បាប់របស់សាសនា។ ជម្រាបដែរថាវ៉ាក់សាំង Sinovac នៅមិនទាន់ទទួលបានការយល់ព្រមជាផ្លូវការនៅក្នុងប្រទេសចិននៅឡើយទេ ប៉ុន្តែថ្នាំចំនួន ៣ លានដូស បានមកដល់ឥណ្ឌូនេស៊ីរួចទៅហើយកាលពីខែមុន ខណៈប្រទេសនេះមានករណីឆ្លង និងស្លាប់ច្រើនជាងគេមួយ នៅតំបន់អាស៊ីអាគ្នេយ៍៕


អត្ថបទ៖ លីដា
ប្រភព៖ Associated Press