អេស្ប៉ាញជួបបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំងបំផុតមិនធ្លាប់មានរហូតដល់-២៥អង្សា, មានមនុស្ស៧នាក់ហើយបានស្លាប់
អេស្ប៉ាញ៖ យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា ប្រទេសអេស្ប៉ាញកំពុងតែប្រឈមនឹងបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំងបំផុតមិនធ្លាប់មានទាល់តែសោះនៅក្នុងរយៈពេល ២០ ចុងក្រោយនេះ ដោយតំបន់មួយចំនួនដូចជា តំបន់ Molina de Aragón Teruel ភាគខាងលិចរដ្ឋធានី Madrid សីតុណ្ហភាពបានចុះដល់កម្រិត -២៥ អង្សាសេឯណោះ។ ប្រភពខាងលើបានបន្តថា ខណៈពេលដែលសីតុណ្ណភាពបានចុះត្រជាក់ខ្លាំងព្រិលក៏បានធ្លាក់ចុះយ៉ាងច្រើនផងដែរ រហូតធ្វើឲ្យការធ្វើដំណើរតាមផ្លូវសំខាន់ៗមួយចំនួនរួមទាំងជើងហោះហើរខ្លះផងត្រូវបានខកខាន ឬពន្យាពេល។ សកម្មភាពកីឡា និងការជួបជុំជាលក្ខណៈសាធារណៈមួយចំនួនក៏ត្រូវលុបចោលផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រោះតែគេបារម្ភខ្លាចមានគ្រោះថ្នាក់ផ្សេងដល់ប្រជាពលរដ្ឋ។

បើតាមរបាយការណ៍បឋមរបស់អាជ្ញាធរអេស្ប៉ាញបានបង្ហាញថា គិតមកត្រឹមពេលនេះមានពលរដ្ឋអេស្ប៉ាញចំនួន ៧នាក់ ហើយដែលស្លាប់បាត់បង់ជីវិតព្រោះតែបញ្ហាប្រែប្រួលអាកាសធាតុនេះ ហើយនៅក្នុងចំណោមជនរងគ្រោះទាំង ៧ នាក់នោះ មាន ២ នាក់គឺជាពលរដ្ឋដែលគ្មានផ្ទះសម្បែងច្បាស់លាស់រស់នៅក្នុងទីក្រុង Barcelona។ នៅចំពោះមុខស្ថានភាពអាក្រក់នេះ អាជ្ញាធរអេស្ប៉ាញបានជូនដំណឹងឲ្យពលរដ្ឋខ្លួនត្រូវសម្ងំនៅក្នុងផ្ទះបើគ្មានភារកិច្ចសំខាន់ត្រូវចេញក្រៅនោះទេ ហើយចំពោះអ្នកដែលចាំបាច់ត្រូវធ្វើដំណើរចេញក្រៅគម្បីតែត្រូវចេះប្រុងប្រយ័ត្ននិងការពារខ្លួនឲ្យបានខ្ពស់ជាធម្មតាផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ BBC