លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី ធ្វើការចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ដំបូងគេ ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត (មានវីដេអូ)
ឥណ្ឌូនេស៊ី៖ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ១ រួចហើយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ខណៈរូបលោកគឺជាពលរដ្ឋឥណ្ឌូនេស៊ីដំបូងគេដែលទទួលបានវ៉ាក់សាំងនេះផងដែរ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Thethaiger បានឲ្យដឹងថា វ៉ាក់សាំងដែលគេបានចាក់ជូនលោកប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះ គឺជាវ៉ាក់សាំងប្រភេទ Sinovac Biotech ផលិតឡើងដោយក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសចិន។ ទន្ទឹមនឹងការប្រទះឃើញថ្នាក់ដឹកនាំកំពូលឥណ្ឌូនេស៊ីនៅចាក់វ៉ាក់សាំងនេះ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីក៏បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងករណីបន្ទាន់ជាលើកដំបូងផងដែរ។

យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់ការចាក់វ៉ាក់សាំងជូនពលរដ្ឋនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាលអាស្រ័យទៅតាមចំនួនវ៉ាក់សាំងដែលគេអាចបញ្ជាទិញបាន ហើយទម្រាំតែគេអាចចាក់វ៉ាក់សាំងជូនពលរដ្ឋបានគ្រប់គ្នានៅទូទាំងប្រទេសនោះ ទំនងជាត្រូវការពេលវេលាវែងទៀត ព្រោះថាឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាពលរដ្ឋច្រើនលំដាប់ទី ៤ នៅលើពិភពលោក ពោលគឺមានប្រជាជនសរុបជាង ២៧០ លាននាក់ឯណោះ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះឥណ្ឌូនេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៨៤៦ ៧៦៥ ករណី និងស្លាប់ចំនួន ២៤ ៦៤៥ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Thethaiger