អ្នកទោសកូរ៉េខាងត្បូងប្រមាណ ៩០០នាក់ នឹងត្រូវបានគេដោះលែងមុនពេលកំណត់ ដើម្បីកាត់បន្ថយភាពចង្អៀតដែលនាំឱ្យមានហានិភ័យឆ្លងជំងឺកូវីដ១៩ខ្ពស់
រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសជាង ៩០០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជាវិធានការណ៍មួយទប់ស្កាត់ការឆ្លងវីករាលដាលនៃជំងឺ COVID-19 ។ ក្រសួងយុត្តិធម៌បាននិយាយថា ចំណាត់ការនេះគឺដើម្បីបន្ធូរបន្ថយភាពចង្អៀតណែនណាន់តាន់តាប់ នៅតាមមណ្ឌលកែប្រែនានានៅទូទាំងប្រទេស ហើយលក្ខណៈវិនិច្ឆ័យសម្រាប់ការដោះលែងមុនពេលកំណត់នេះ នឹងត្រូវបានធ្វើឡើងសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ រួមទាំងមនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ ក៏ដូចជាអ្នកទោសគំរូ។

ក្រសួងបាននិយាយថា អ្នកទោសដែលត្រូវបានផ្តន្ទាទោសពីបទរំលោភផ្លូវភេទ ការរំលោភបំពានលើកុមារ និងការបើកបរស្រវឹង នឹងមិនត្រូវបានរាប់បញ្ចូលនៅក្នុងការអនុគ្រោះនេះឡើយ។ ការប្រកាសនេះកើតឡើងភ្លាម បន្ទាប់ពីមានការឆ្លងជំងឺ COVID-19 ដ៏ធំមួយនៅឯមជ្ឈមណ្ឌលឃុំឃាំងមួយ ក្នុងទីក្រុងសេអ៊ូលនាពេលថ្មីៗនេះ។ មន្ត្រីក្រុងនិយាយថា ចំនួននៃការឆ្លងដែលទាក់ទងបានកើនលើស ១,១៦០ ករណីរួចមកហើយ គិតត្រឹមថ្ងៃពុធចាប់តាំងពីករណីដំបូងត្រូវបានរកឃើញនៅចុងខែវិច្ឆិកា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK