ហួសចិត្ត! បុរសជនជាតិចិន២នាក់មិនឈរតម្រង់ជួរ ហើយប្រជ្រៀតចង់ទៅធ្វើតេស្តរកជំងឺកូវីដ ១៩ មុនគេ ពេលអាជ្ញាធរទៅណែនាំ បែរស្ទុះប្រតាយប្រតប់អាជ្ញាធរទៀត (មានវីដេអូ)
ចិន៖ ករណីហិង្សាមួយបានកើតមានឡើងនៅមុខមជ្ឈមណ្ឌលធ្វើតេស្តរកជំងឺកូវីដ ១៩ នៅឯប្រទេសចិន ដែលសកម្មភាពនៃការវាយតប់បែបអនាធិបតេយ្យមួយនេះបានបង្កឡើយពីសំណាក់ក្រុមពលរដ្ឋទៅកាន់អាជ្ញាធរ។ យោងតាមវីដេអូបង្ហោះដោយគណនី Facebook ផ្លូវការរបស់ព័ត៌មាន South China Moring Post បានឲ្យដឹងថា ជនបង្កហេតុមានចំនួន ២ នាក់ ជាឪពុកកូន ដោយបុរសជាឪពុកមានអាយុ ៦៨ ឆ្នាំ បុរសជាកូនមានអាយុ ៤៣ ឆ្នាំ ហើយជនបង្កហេតុទាំង ២ បានទៅតម្រង់ជួរដើម្បីធ្វើតេស្តស្វែងរកជំងឺកូវីដ ១៩។ យ៉ាងណាក្តី មុនពេលកើតហេតុបុរសជាឪពុកកូនទាំង ២ មិនបានឈរតម្រង់ជួរតាមលំដាប់លំដោយឡើយ គឺពួកគាត់ព្យាយាមប្រជ្រៀតទៅមុនគេដោយមិនខ្វល់ពីពលរដ្ឋផ្សេងទៀតដែលមករង់ចាំមុនឡើយ។

បន្ទាប់ពីបានឃើញសកម្មភាពអសីលធម៌នេះមន្ត្រីប៉ូលិសបានស្លៀកពាក់ឈុតការពារមេរោគដើម្បីទៅណែនាំឪពុកកូនទាំង ២ នាក់នោះ តែពួកគាត់មិនព្រមស្តាប់តាមការណែនាំឡើយ ហើយពួកគាត់ថែមទាំងបានបើកការវាយតប់ទៅកាន់មន្ត្រីប៉ូលិសមុនទៀតផង។ យ៉ាងណាក្តី ចុងក្រោយជនបង្កហេតុទាំង ២ នេះត្រូវបានចាប់ខ្លួន ហើយពួកគាត់ម្នាក់ៗត្រូវផ្តន្ទាទោសឲ្យជាប់គុករយៈពេល ១ ឆ្នាំ និង ១០ ខែ ពីបទរំខានដល់ភារកិច្ចរបស់មន្ត្រីអាជ្ញាធរ។ ចំពោះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមក៏បាននាំគ្នារិះគន់ឪពុកកូនទាំង ២ នាក់នេះយ៉ាងខ្លាំងណាស់ដែរ ព្រោះតែពួកគាត់ជាប្រភេទមនុស្សអត្មានិយមមិនចេះខ្វល់ពីអារម្មណ៍អ្នកដទៃ និងមិនបានផ្តល់ការគោរពចំពោះអាជ្ញាធរទាល់តែសោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ South China Moring Post