ស្រោមដៃពេទ្យក្លែងក្លាយចំនួន ១០០ ០០០ ត្រូវប៉ូលិសថៃរឹបអូសនៅក្នុងទីក្រុងបាងកក
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃពុធ ទី១៣ កន្លងទៅនេះ អាជ្ញាធរថៃបានចុះទៅបង្រ្កាបទីតាំងផលិតស្រោមដៃវេជ្ជសាស្ត្រក្លែងក្លាយមួយកន្លែងរឹបអូសបានស្រោមដៃក្លែងក្លាយចំនួន ១០០ ០០០ និងចាប់បានជនខិលខូចម្នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា កន្លែងផលិតស្រោមដៃក្លែងក្លាយនេះមានទីតាំងស្ថិតនៅក្នុងផ្ទះជួលមួយកន្លែងក្នុងតំបន់ Wang Thonglang ជាយក្រុងបាងកក ខណៈជនខិលខូចមួយរូបដែលប៉ូលិសបានឃាត់ខ្លួននោះមានឈ្មោះថា Athip Chumpol និងមានអាយុ ២៥ ឆ្នាំ។

បើតាមលោកឧត្តមសេនីយ៍ទោ Permpoon ដែលជាអ្នកដឹកនាំកងកម្លាំងចុះទៅបង្ក្រាបករណីនេះបានឲ្យដឹងថា ស្រោមដៃក្លែងក្លាយទាំងនេះផលិតឡើងពីជ័រគ្មានគុណភាពនិងមានតម្លៃថោក តែជនខិលខូចព្យាយាមកែច្នៃនិងបន្ថែមពណ៌ឲ្យស្រោមដៃមើលទៅដូចជាប្រភេទស្រោមដៃស្ដង់ដាដែលមានតម្លៃខ្ពស់អីចឹងដែរ។ លោកបានបញ្ជាក់ទៀតថា ស្រោមដៃទាំង ១០០ ០០០ ដែលរឹបអូសបាននេះមិនមែនជាផលិតសម្រាប់លក់ឡើយដោយវាគ្រាន់តែជាការសាកល្បងរបស់ជនខិលខូចប៉ុណ្ណោះ ហើយបើការសាកល្បងនេះទទួលបានជោគជ័យ ជនខិលខូចនឹងបន្តផលិតស្រោមដៃក្លែងក្លាយច្រើនជាងនេះរាប់រយដងដើម្បីចែកចាយទៅក្នុងទីផ្សារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍