ខ្លាចក្រុមបាតករដែលគាំទ្រលោក ត្រាំ សម្រុកចូលវិមានរដ្ឋសភាទៀត អាមេរិកដាក់ពង្រាយទាហានរាប់ម៉ឺននាក់ឲ្យដេកចាំត្រៀមការពារសន្តិសុខនៅថ្ងៃពិធីប្រគល់តំណែងជាប្រធានាធិបតីអាមេរិកជូនលោក ចូបៃឌិន តែម្តង
អាមេរិក៖ ទាហានអាមេរិកប្រមាណ ២០,០០០ នាក់បានត្រៀមខ្លួនរួចរាល់ដើម្បីការពារសន្តិសុខនៅក្នុងពិធីប្រគល់តំណែងជូនលោក ចូបៃឌិន ធ្វើជាប្រធានាធិបតីផ្លូវការ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail។ ប្រភពដដែលនេះបាបន្តថា ទាហានទាំងនេះគឺជាក្រុមសន្តិសុខពិសេសសម្រាប់រក្សាសន្តិសុខជាតិដែលត្រូវបានបំពាក់ទៅដោយកាំភ្លើងខ្លី កាំភ្លើងវែង ឧបករណ៍ការពារគ្រាប់ផ្ទុះ និងឧបករណ៍សម្រាប់ប្រឆាំងនឹងបាតុកម្មក្នុងកម្រិតខ្ពស់បំផុតមួយ ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឆាំងទៅនឹងក្រុមបាតុករដែលជាអ្នកគាំទ្រលោក ដូណាល់ត្រាំ ក្នុងករណីពួកគេចង់សម្រុកចូលវិមានរដ្ឋសភាជាលើកទី ២ ។

កងកម្លាំងពិសេសទាំងនេះត្រូវបានគេដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗជាច្រើនផ្សេងគ្នាមានទាំងនៅក្នុងវិមាន កាពីតូល ច្រកចេញចូល និងទៅខាងក្រៅរបងវិមានកាលពីតូលផងដែរ។
ក្រៅតែពីបានប្រើប្រាស់កងកម្លាំងទាំងនេះនាពេលកន្លងមកអារិកក៏បានដាក់របងដែកពិសេសមួយមានកម្ពស់ជិត ២,៥ ម៉ែត្រព័ន្ធជុំវិញវិមានកាពីតូលផងដែរ ដើម្បីការពារកុំឲ្យក្រុមបាតុករអាចសម្រុកឡើងតាមរបងបាន។ ក្រុមកងកម្លាំងពិសេសត្រូវបានគេប្រទះឃើញដេកសម្រាកតំរៀបគ្នានៅក្នុងបរិវេណវិមានរដ្ឋសភា ហើយគេក៏បានប្រទះឃើញតំណាងរាស្រ្តមកពីបក្សសាធារណៈរដ្ឋគឺលោក Mike Waltz និងលោកស្រី Vicky Hartzler បានយកនំភីហ្សាទៅចែកជូនក្រុមកងកម្លាំងទាំងនោះផងដែរ ខណៈអ្នកនយោបាយជាន់ខ្ពស់អាមេរិកជាច្រើនរូបផ្សេងទៀតសុទ្ធតែបានសម្តែងនូវការអគុណទៅកាន់កងកម្លាំងការពារសន្តិសុខទាំងនេះ ចំពោះការខិតខំប្រឹងប្រែងធានាឲ្យបាននូវសន្តិសុខរបស់ពួកគេ។ សូមបញ្ជាក់ជូនថា ពិធីប្រគល់តំណែងប្រធានាធិបតីអាមេរិកជូនលោក ចូបៃឌិន នឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២០ មករា ខាងមុខនេះហើយ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail