កម្មករប្រមាណ ៣៥,០០០នាក់ មកពីរោងចក្រចំនួន ៤០០ នៅខេត្តសាមុតសាខន នឹងត្រូវធ្វើតេស្ដរកជំងឺកូវីដ១៩ទាំងអស់គ្នា ឱ្យបានមុនដាច់ខែមករានេះ
កម្មករជាង ៣៥,០០០ នាក់ មកពីរោងចក្រចំនួន ៤០០ នៅខេត្តសាមុតសាខន នឹងត្រូវធ្វើតេស្ដរកមើលជំងឺ COVID-19 ឱ្យបានគ្រប់គ្នាត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅក្នុងយុទ្ធនាការសាកល្បងទ្រង់ទ្រាយធំមួយ។ ខេត្តនេះស្ថិតនៅភាគនិរតីនៃទីក្រុងបាងកក ហើយបានចាប់ផ្តើមយុទ្ធនាការស្វែងរកករណីពាក់ព័ន្ធភ្លាមៗ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ COVID-19 នៅឯផ្សារបង្គា ក្នុងមជ្ឈមណ្ឌលនេសាទតំបន់ Mahachai កាលពីខែមុន។

ការផ្ទុះឡើងនៃជំងឺបានប៉ះពាល់ដល់ពលរដ្ឋចំណាកស្រុករាប់រយនាក់ ដែលធ្វើការ និងរស់នៅជុំវិញផ្សារបង្គា។ ការផ្ទុះឡើងនៅឯខេត្តសាមុតសាខន គឺជាកត្តាចំបងនៃរលកជំងឺ COVID-19 ថ្មីចុងក្រោយរបស់ប្រទេសថៃ ដែលវាបានរីករាលដាលដល់ខេត្តជាង ៥០ នៃខេត្តទាំង ៧៧ របស់ប្រទេសថៃ។ ភាគច្រើននៃករណីក្នុងសហគមន៍របស់ថៃ គឺត្រូវបានរកឃើញពីកម្មករចំណាកស្រុកដែលកំពុងធ្វើការនៅទីនោះ ដែលនាំឱ្យឈានដល់ការធ្វើតេស្ដទ្រង់ទ្រាយធំសម្រាប់កម្មករតាមរោងចក្រ និងកន្លែងផ្សេងទៀត។
ដោយមានករណីជាច្រើនត្រូវបានគេរំពឹងថានឹងត្រូវរកឃើញបន្ថែម ខេត្តបានរៀបចំមន្ទីរពេទ្យទី៤ ថ្មីមួយទៀត ដែលនឹងបើកធ្វើការនៅថ្ងៃស្អែកនេះ។ មន្ទីរពេទ្យថ្មីនេះមានគ្រែចំនួន ៣៥០ ហើយមានបំណងផ្ទុកអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាស្រាលៗ៕


អត្ថបទ៖ លីដា
ប្រភព៖ The Thaiger