ឥណ្ឌាបានចាប់ផ្តើមជុំទី១នៃកម្មវិធីចាក់វ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោក ដើម្បីការពារពលរដ្ឋរបស់ខ្លួនពីជំងឺកូវីដ១៩
នៅថ្ងៃសៅរ៍នេះប្រទេសឥណ្ឌានឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងធំបំផុតមួយរបស់ពិភពលោក ក្នុងគោលបំណងការពារប្រជាជនជាង ១.៣ ពាន់លាននាក់ ពីជំងឺ COVID-19 ។ វ៉ាក់សាំង Covishield និង Covaxin ដែលត្រូវបាវអនុម័តឱ្យប្រើប្រាស់ជាផ្លូវការចំនួនរាប់លានដូស នឹងត្រូវដឹកជញ្ជូនចែកចាយទៅទូទាំងប្រទេស។ បុគ្គលិកសុខភាពនិងបុគ្គលិកជួរមុខនឹងទទួលបានវាមុនគេ បន្ទាប់មកទៅកាន់ក្រុមដែលមានហានិភ័យផ្សេងទៀត។ ជម្រាបដែរថាឥណ្ឌាជាប្រទេសមានករណីជំងឺ COVID-19 ខ្ពស់បំផុតទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

បុគ្គលិកសុខាភិបាលប្រមាណ ១០ លាននាក់ នឹងត្រូវបានចាក់វ៉ាក់សាំងនៅក្នុងជុំទី១ បន្ទាប់មកទៀតដោយប៉ូលីស ទាហាន កងកម្លាំង និងបុគ្គលិកជួរមុខផ្សេងទៀត។ បន្ទាប់ទៀតនឹងចាក់ជូនពលរដ្ឋដែលមានអាយុលើសពី ៥០ឆ្នាំ និងអ្នកដែលមានអាយុក្រោម ៥០ឆ្នាំ ដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។ បញ្ជីបោះឆ្នោតរបស់ប្រទេសឥណ្ឌា ដែលមានព័ត៌មានលម្អិតអំពីអ្នកបោះឆ្នោតប្រមាណ ៩០០ លាននាក់ នឹងត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកមានសិទ្ធិទទួលបានវ៉ាក់សាំងនេះ។
រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងប្រជាជនចំនួន ៣០០ លាននាក់ នៅដើមខែសីហា ហើយការចាក់នឹងធ្វើឡើងនៅក្នុងមណ្ឌលថែទាំសុខភាពដែលគ្រប់គ្រងដោយរដ្ឋ សាលារៀន មហាវិទ្យាល័យ សាលសហគមន៍ ការិយាល័យក្រុង និងសាលអាពាហ៍ពិពាហ៍។ គួរឱ្យដឹងដែរថា Covishield គឺជាឈ្មោះក្នុងស្រុក សម្រាប់វ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford-AstraZeneca ដែលបានផលិតនៅឥណ្ឌា និង Covaxin ជាផលិតផលនៅក្នុងស្រុក ផលិតដោយក្រុមហ៊ុនឱសថ Bharat Biotech ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC