ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបានបង្ហាញមីស៊ីលបាលីស្ទិកប្រភេទថ្មីបាញ់ពីនាវាមុជទឹក នៅក្នុងក្បួនព្យុហយាត្រាយោធាមួយនៅទីក្រុងព្យុងយ៉ាង

    BY autoadmin January 16, 2021
    កូរ៉េខាងជើងបានបង្ហាញមីស៊ីលបាលីស្ទិកប្រភេទថ្មីបាញ់ពីនាវាមុជទឹក នៅក្នុងក្បួនព្យុហយាត្រាយោធាមួយនៅទីក្រុងព្យុងយ៉ាង

    ប្រទេសកូរ៉េខាងជើងបានបង្ហាញនូវអ្វីដែលហាក់ដូចជាមីស៊ីលបាលីស្ទិកប្រភេទថ្មីបាញ់ពីនាវាមុជទឹក (SLBM) នៅក្នុងក្បួនព្យុហយាត្រាយោធាមួយ ដែលធ្វើឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ទូរទស្សន៍រដ្ឋកូរ៉េបានរាយការណ៍កាលពីថ្ងៃសុក្រថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានចូលរួមព្រឹត្តិការណ៍នោះនៅទីលាន Kim Il Sung នៅទីក្រុងព្យុងយ៉ាង។ ក្បួនដង្ហែនេះត្រូវបានធ្វើឡើងដើម្បីរំលឹកដល់ការប្រជុំសំខាន់មួយ របស់គណបក្សពលករដែលកំពុងកាន់អំណាច ដែលត្រូវបានបញ្ចប់កាលពីថ្ងៃអង្គារ។

    រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Kim Jong Gwan បាននិយាយនៅក្នុងសុន្ទរកថាមួយថា កូរ៉េខាងជើងនឹងបើកការវាយប្រហារមុនដែលមានឥទ្ធិពលបំផុត ប្រសិនបើកងកម្លាំងសត្រូវគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រទេសនេះ (គាត់សំដៅទៅលើសហរដ្ឋអាមេរិក)។ ក្បួនដង្ហែររួមមានយានយន្តផ្ទុកមីស៊ីលជាច្រើន ហើយ SLBM ឈ្មោះថា Pukguksong-5 ដែលទំនងជាប្រភេទថ្មីក៏ត្រូវបានបង្ហាញ ប៉ុន្តែយ៉ាងណាមិនមានរូបភាពនៃមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ត្រូវបានបញ្ចេញនោះទេ។

    ព្រឹត្តិការណ៍នេះបានកើតឡើងត្រឹមតែ ៣ខែប៉ុណ្ណោះ បន្ទាប់ពីការធ្វើព្យុហយាត្រាយោធាកាលពីខែតុលាឆ្នាំមុន។ រំលឹកដែរថានៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុនលោក គីម ជុងអ៊ុន បានហៅសហរដ្ឋអាមេរិកថាជា «សត្រូវដ៏ធំបំផុត» របស់ប្រទេសរបស់លោក ហើយបានប្តេជ្ញាជំរុញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង។ ក្រុមអ្នកវិភាគបានលើកឡើងថា ការដើរព្យុហយាត្រានេះគឺដើម្បីបង្ហាញពីជំហររបស់ប្រទេស នៅចំពោះមុខប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន។

    លោក Koizumi Yu ជំនួយការសាស្ត្រាចារ្យនៃមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូបាននិយាយថា ទំហំរបស់ SLBM ចុងក្រោយបង្អស់របស់កូរ៉េខាងជើង ហាក់ដូចជាមិនផ្លាស់ប្តូរពីរូបរាងដែលបានបង្ហាញនៅខែតុលាទេ។ ប៉ុន្តែលោកបាននិយាយថា វាមើលទៅវែងគួរឱ្យកត់សម្គាល់ ដែលបង្ហាញថាវាអាចដំឡើងក្បាលគ្រាប់ ឬអាចផ្ទុកក្បាលគ្រាប់ច្រើន។ លោកបានបន្ថែមថា កូរ៉េខាងជើងកំពុងស្ថិតនៅលើផ្លូវដើម្បីពង្រឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: