ម្ដាយរបស់ Christine Dacera ចេញមុខមកជំទាស់នឹងលទ្ធផលកោសល្យវិច្ច័យ ដែលថាកូនស្រីរបស់គាត់មិនត្រូវបានគេរំ.លោ.ភ ប៉ុន្តែស្លាប់ដោយសារបែបនេះទៅវិញ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Worldofbuzz បានឱ្យដឹងថា បន្ទាប់ពីលទ្ធផលនៃការធ្វើកោសល្យវិច្ច័យបានបង្ហាញថា គ្រីស្ទីន ដាសេរ៉ា (Christine Dacera) មិនត្រូវបានគេចាប់រំលោភនោះទេ ប៉ុន្តែបានស្លាប់ដោយសារមូលហេតុផ្សេងទៀត ក៏ស្រាប់តែអ្នកម្តាយរបស់នាងបាននិយាយទៅកាន់ប៉ុស្ដិ៍ទូរទស្សន៍ជាតិមួយថា គាត់មិនគាំទ្រលទ្ធផលទាំងនេះទេ ព្រោះមានចំណុចខ្លះគឺមិនត្រូវបានរៀបរាប់លម្អិតនោះឡើយ។ រំលឹកដែរថា សាកសពអ្នកបម្រើលើយន្តហោះជនជាតិហ្វីលីពីន អាយុ ២៣ឆ្នាំរូបនេះ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹកនៅថ្ងៃចូលឆ្នាំថ្មី បន្ទាប់ពីត្រូវបានក្រុមបុរស ១១នាក់ រំលោភ និងដាក់គ្រឿងញៀន។

ដំបូងឡើយរាងកាយរបស់នាងត្រូវបានគេរាយការណ៍ថា ត្រូវបានគេឃើញមានស្នាមជាំ និងការដាច់រលាត់ និងសារធាតុមេជីវិតបុរសនៅក្នុងប្រដាប់ភេទរបស់នាង ដែលបង្ហាញថាមិនមែនជាករណីធម្មតានោះឡើយ។ ប៉ុន្តែរបាយការណ៍នៃការធ្វើកោសល្យវិច័យជាផ្លូវការ គឺផ្ទុយពីការអះអាងទាំងនេះ ដោយបញ្ជាក់ថានាងបានស្លាប់ដោយសារ «ការដាច់សរសៃឈាមអ័រតា» (Rupture Aortic Aneurysm) ហើយក៏មិនបញ្ជាក់ពីស្នាមរបួស ការដាច់រលាត់ ទឹកកាម ឬ អ្វីផ្សេងទៀតនោះឡើយ។

យ៉ាងណាក៏ដោយអ្នកស្រី Sharon Dacera ដែលជាម្តាយរបស់នាង Christine Dacera គឺច្បាស់ណាស់ថា ការធ្វើកោសល្យវិច្ច័យត្រូវបានកែប្រែ។ គាត់ថា៖ «សម្រាប់ខ្ញុំកូនស្រីរបស់ខ្ញុំត្រូវបានគេរំលោភ។ ប្រសិនបើអ្នកបានឃើញរាងកាយរបស់ គ្រីស្ទីន, ប្រសិនបើអ្នកជាម្តាយអ្នកប្រាកដជាមានអារម្មណ៍ឈឺចាប់ចំពោះអ្វីដែលគេធ្វើលើ គ្រីស្ទីន ប៉ុន្តែកូនស្រីខ្ញុំមិនអាចនិយាយតទៅទៀតបានទេ ព្រោះគាត់បានស្លាប់បាត់ទៅហើយ»។ អ្នកម្ដាយរូបនោះបន្ថែមថា របួសដាច់រលាត់លើរាងកាយកូនស្រីគាត់ គឺមិនត្រូវបានគេសរសេរនៅក្នុងការធ្វើកោសល្យវិច័យនោះទេ ដែលធ្វើឱ្យគាត់ជឿជាក់ថាវាមិនត្រឹមត្រូវទាល់តែសោះ។

រូបភាពពី CCTV នៅយប់នោះក៏បង្ហាញពីការថើបរវាង គ្រីស្ទីន និងបុរសម្នាក់ ដែលនៅជប់លៀងជាមួយនាង ពោលគឺតែពីរបីម៉ោងមុនពេលនាងស្លាប់។ ចំណែកលោក Rommel Galido ដែលនៅឯពិធីជប់លៀង និងជាមិត្តរបស់នាង គ្រីស្ទីន ក៏បាននិយាយដែរថា គ្រីស្ទីន បានប្រាប់គាត់ពេលនៅពិធីជប់លៀងនោះថា «មានគេយកអ្វីមកដាក់ក្នុងកែវផឹករបស់ខ្ញុំ»។
ទោះបីជាបែបនេះក៏ដោយការិយាល័យព្រះរាជអាជ្ញានៃតំបន់ Makati បានពន្យល់ថា នៅតែមានភស្តុតាងមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា នារីអូតែសរូបនេះត្រូវបានគេបំពានផ្លូវភេទ ឬចាប់រំលោភនោះទេ។ ការធ្វើកោសល្យវិច្ច័យលើកទី២ ត្រូវបានគេបង្គាប់ឱ្យចាប់ផ្ដើម ហើយលេខាធិការយុត្តិធម៌លោក Menardo Guevarra បាននិយាយកាលពីថ្ងៃអង្គារថា NBI បានយកគំរូទឹកនោមចេញពីរាងកាយរបស់នាង គ្រីស្ទីន ដាសេរ៉ា ដោយជោគជ័យ។ គំរូទឹកនោមអាចផ្តល់ព័ត៌មានជាច្រើនដល់ក្រុមកោសល្យវិច្ច័យ ហើយលទ្ធផលនឹងត្រូវចេញផ្សាយក្នុងរយៈពេលពីរបីសប្តាហ៍ទៀត៕



អត្ថបទ៖ លីដា
ប្រភព៖ Worldofbuzz