ក្រុមអ្នកជំនាញបញ្ជាក់ថា ប្រអប់ខ្មៅមួយក្នុងយន្តហោះដែលធ្លាក់ក្នុងសមុទ្រឥណ្ឌូនេស៊ី គឺបានបង្ហាញបែបនេះ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ការសិក្សាទៅលើប្រអប់ខ្មៅក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Sriwijaya Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រកាលពីចុងសប្តាហ៍មុននោះបានបង្ហាញថា ម៉ាស៊ីនរបស់យន្តហោះទាំង ២ នៅមានដំណើរជាប្រក្រតីនៅឡើយខណៈពេលដែលយន្តហោះបានធ្លាក់ចូលទៅក្នុងសមុទ្រ។ តាមរយៈការរកឃើញដូចនេះគឺវាមានន័យថា គេនៅតែមិនទាន់អាចដឹងពីមូលហេតុពិតប្រាកដដែលធ្វើឲ្យយន្តហោះធ្លាក់នៅឡើយទេ ខណៈក្រុមការងារបច្ចេកនៅតែបន្តធ្វើអន្តរាគមន៍យ៉ាងសកម្មជុំវិញករណីធ្លាក់យន្តហោះដ៏អាថ៌កំបាំងនេះ។

ប្រភពខាងលើបានបន្តទៀតថា នៅពេលនេះក្រុមអ្នកមុជទឹកកំពុងផ្តោតស្វែករកប្រអប់ថតសំឡេងមួយផ្សេងនៅក្នុងកាប៊ីនយន្តហោះ ព្រោះប្រអប់ថតសំឡេងនោះអាចមានផ្ទុកនូវសំឡេងដែលជាការសន្ទនារបស់ក្រុមអ្នកបើកបរយន្តហោះ ហើយវាក៏ជាតម្រុយដ៏សំខាន់មួយដែលអនុញ្ញាតឲ្យគេអាចសិក្សាពីមូលហេតុចម្បងដែលធ្វើឲ្យយន្តហោះធ្លាក់ផងដែរ។
រហូតមកទល់នឹងពេលនេះអ្វីដែលគេបានរកឃើញនោះគឺបំណែកជាច្រើននៃយន្តហោះ និងថង់សម្រាប់ដាក់សាកសពចំនួន ៣៦ ។ នៅក្នុងថង់ដាក់សាកសពទាំងអស់នោះទៀតសោធគឺមានថង់ចំនួន ៣៥ បានផ្ទុកនូវផ្នែកផ្សេងៗនៃរាងកាយសាកសព និងថង់មួយផ្សេងទៀតគឺរក្សាទុកនូវកម្ទេចកម្ទីនៃសាកសពដែលស្ទើរតែបែកល្អិតអស់ទៅហើយ។ ដោយឡែកក្រុមគ្រួសាររបស់ជនរងគ្រោះជាបុគ្គលិកបម្រើការងារនៅលើយន្តហោះម្នាក់មានឈ្មោះថា Okky Bisma ភេទប្រុស បានសម្រេចរៀបចំពិធីបុណ្យឲ្យរូបគាត់ជាផ្លូវការរួចរាល់ហើយ។
គួររម្លឹកជូនថា យន្តហោះដែលបានធ្លាក់នេះគឺជាយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing Co 737-500 មានអាយុកាលនៃការប្រើប្រាស់ ២៦ ឆ្នាំ ហើយយន្តហោះបានធ្លាក់បន្ទាប់ពីបានហោះហើរបានត្រឹមតែ ៤ នាទីប៉ុណ្ណោះ ខណៈនៅក្នុងយន្តហោះមានផ្ទុកអ្នកដំណើរនិងក្រុមការងារហោះហើរសរុបចំនួន ៦២ នាក់ ហើយក្នុងនោះក៏មានអ្នកដំណើរជាកូនក្មេងចំនួន ១០ នាក់ផងដែរ៕









អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail