ការ៉េមជិត ៥ពាន់ប្រអប់ត្រូវអាជ្ញាធរសុខាភិបាលចិនរកឃើញថា មានដានវីរុសកូវីដ១៩ ក្រោយការ៉េម៣ប្រអប់តេស្តវិជ្ជមានវីរុសនេះ
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ការ៉េមជិត ៥ ពាន់ប្រអប់ត្រូវបានអាជ្ញាធរសុខាភិបាលចិនរកឃើញថាមានដានវីរុសកូវីដ ១៩ ខណៈដែរសំណាកចំនួន ៣ ដែលបង្ហាញថាការ៉េមមានផ្ទុកនូវវីរុសនោះត្រូវបានរកឃើញនៅក្នុងទីក្រុងធានជីន ភាគខាងជើងនៃប្រទេសចិន។ ប្រភពខាងបានបញ្ជាក់ថា ការ៉េមទាំងអស់នោះគឺជាផលិតផលក្នុងស្រុក មានចំនួនជាក់ស្តែង ៤,៨៣៦ ប្រអប់ ហើយនៅក្នុងនោះមានការ៉េម ចំនួន ២,០៨៩ ត្រូវបានគេរក្សាទុកនៅក្នុងស្តុក ការ៉េមចំនួន ១,៨១២ ប្រអប់ត្រូវបានចែកចាយទៅកាន់ផ្សារចំនួន ៩៣៥ កន្លែងនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសចិន និងការ៉េមចំនួន ៦៥ ប្រអប់ទៀតត្រូវបានលក់ឲ្យទៅកាន់អតិថិជនរួចរាល់ហើយ។

ភ្លាមៗបន្ទាប់ពីការកឃើញខាងលើនេះ អាជ្ញាធរចិនបានសម្រេចឲ្យបុគ្គលិកដែលបានធ្វើការងារពាក់ព័ន្ធជាមួយនឹងការផលិតផល និងចែកចាយការ៉េមចំនួន ១,៦៦២នាក់ ត្រូវផ្អាកពីការងារជាបណ្តោះអាសន្នដើម្បីធ្វើចត្តាឡីស័កនិងទៅធ្វើតេស្តរកមេរោគ។ ជាងនេះទៅទៀតអាជ្ញាធរសុខាភិបាលចិនក៏បានអំពាវនាវឲ្យពលរដ្ឋដែលបានទិញ ឬប៉ះពាល់ការ៉េមទាំងនេះត្រូវទៅធ្វើតេស្តរកជំងឺកូវីដ ១៩ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសវាងការចម្លងមេរោគបន្តទៅក្នុងសហគមន៍ក្នុងករណីដែលពួកគេបានឆ្លងជំងឺកូវីដ ១៩ តាមរយៈការ៉េមទាំងនោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail