សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីប្រឆាំងមន្រ្តីចិននិងហុងកុងមួយចំនួន ជុំវិញការចាប់ខ្លួនអ្នកនយោបាយនិងសកម្មជនចំនួន ៥០នាក់ នាពេលថ្មីៗនេះ
សហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងមន្រ្តីចិននិងហុងកុង ពាក់ព័ន្ធនឹងការចាប់ខ្លួនអ្នកនយោបាយ និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាង ៥០នាក់ នៅក្នុងទឹកដីនោះ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយបាននិយាយថា លោកនឹងផ្អាករាល់ទ្រព្យសម្បត្តិរបស់មន្រ្តីហុងកុង និងរដ្ឋាភិបាលចិនចំនួន ៦ រូប ដែលមានទំនាក់ទំនងនៅអាមេរិកទាំងអស់។

លោក Pompeo បាននិយាយថា សហរដ្ឋអាមេរិកថ្កោលទោសចំពោះសកម្មភាពរបស់ចិន ដែលបំផ្លាញសេរីភាព និងដំណើរការប្រជាធិបតេយ្យរបស់ហុងកុង។ លោកបានបន្ថែមទៀតថា ប្រទេសរបស់លោកនឹងបន្តប្រើប្រាស់គ្រប់វិធានការណ៍ដែលមាន ដើម្បីឱ្យពួកគេទទួលខុសត្រូវលើបញ្ហានេះ។ ការសម្រេចចិត្តនេះគឺផ្អែកលើបទបញ្ជាប្រតិបត្តិ ដែលចុះហត្ថលេខាដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីឆ្នាំមុន ជាការឆ្លើយតបទៅនឹងការណែនាំរបស់ចិនអំពីច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង។
ប៉ូលីសហុងកុងបានចាប់ខ្លួនមនុស្សជាង ៥០នាក់ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កន្លងទៅពីបទ «បង្ហិនបង្ហោច» ដែលវាគឺរំលោភលើច្បាប់សន្តិសុខជាតិថ្មីនេះ។ ប៉ូលីសបាននិយាយថា ការចោទប្រកាន់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបោះឆ្នោតក្រៅផ្លូវការមួយ ដែលរៀបចំឡើងដោយសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដើម្បីជ្រើសរើសបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីតិកម្ម ដែលគ្រោងនឹងត្រូវធ្វើឡើងកាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែត្រូវបានពន្យារពេលវិញ។
នៅថ្ងៃសុក្រនេះផងដែររដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសទណ្ឌកម្មថ្មី ដែលផ្តោតលើអង្គភាពដឹកជញ្ជូនអ៉ីរ៉ង់។ មុននេះសហរដ្ឋអាមេរិកក៏បានធ្វើឱ្យប្រទេសគុយបា វិលត្រឡប់មកក្នុងបញ្ជីអ្នកឧបត្ថម្ភរដ្ឋភេរវកម្មរបស់ខ្លួនវិញ ដែលការដាក់ទណ្ឌកម្មថ្មីនេះបានធ្វើឡើង នៅចំពេលដែលលោក ចូ បៃដិន គ្រោងស្បថឡើងជាប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីនៅថ្ងៃពុធនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK