ប្រេស៊ីលយល់ព្រមឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac Biotech និង AstraZeneca
យោងតាមសារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា អាជ្ញាធរនៃប្រទេសប្រេស៊ីលបានផ្តល់ការយល់ព្រមសម្រាប់ការប្រើប្រាស់ជាបន្ទាន់ លើវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថចិន Sinovac Biotech និងក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ដែលវ៉ាក់សាំងនឹងត្រូវចែកចាយទៅរដ្ឋទាំង ២៧ នាពេលឆាប់ៗនេះ។ បុគ្គលិកថែទាំសុខភាពនៅទីក្រុងសៅប៉ូឡូ បានស្ថិតក្នុងចំណោមអ្នកមានអាទិភាពមុនគេ ហើយពួកគេបានចាប់ផ្តើមទទួលការចាក់ថ្នាំបង្ការជំងឺ COVID-19 កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

មន្រ្តីប្រេស៊ីលនិយាយថា វ៉ាក់សាំង Sinovac ចំណាយតិចជាងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក និងអឺរ៉ុប។ ពួកគេក៏បានបន្ថែមដែរថា ភាគីប្រទេសចិនបានសហការជាមួយប្រេស៊ីល ដោយផ្តល់ទិន្នន័យសិក្សារបស់វ៉ាក់សាំង ដើម្បីធានាថាវ៉ាក់សាំងគឺមានសុវត្ថិភាព។ រដ្ឋាភិបាលនិយាយថា ខ្លួនចង់ពង្រីកកម្មវិធីចាក់វ៉ាក់សាំង ប៉ុន្តែយ៉ាងណាពួកគេមិនបានធានាថា វ៉ាក់សាំងនឹងមានគ្រប់គ្រាន់សម្រាប់ពលរដ្ឋទាំង ២០០លាននាក់ របស់ខ្លួននោះទេ។ ជម្រាបដែរថា រហូតមកដល់ពេលនេះមានពលរដ្ឋប្រមាណ ៨.៤ លាននាក់ នៅក្នុងប្រទេសប្រេស៊ីលបានឆ្លងជំងឺ COVID-19 ខណៈចំនួនអ្នកស្លាប់បានឡើងដល់ ២០ ម៉ឺននាក់ហើយ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK