ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋន័រវេសចំនួន ២៣នាក់ បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

    BY autoadmin January 18, 2021
    ពលរដ្ឋន័រវេសចំនួន ២៣នាក់ បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

    ន័រវេស៖ យោងតាមសារព័ត៌មាន Times of India បានរាយការណ៍ថា មានពលរដ្ឋន័រវេសចំនួន ២៣ នាក់ បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ដូសលើកទី ១ របស់ក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំង ២៣ នាក់នោះ គឺមានជនរងគ្រោះចំនួន ១៣នាក់ ត្រូវបានអាជ្ញាធរសុខាភិបាលន័រវេសរកឃើញថា​ បានស្លាប់ព្រោះតែមានប្រតិកម្មទៅនឹងវ៉ាក់សាំងផ្ទាល់តែម្តង ដែលអាការៈនៃប្រតិកម្មនោះមានដូចជាក្តៅខ្លួនខ្លាំង និងក្អួតចង្អោរជាដើម ខណៈជនរងគ្រោះទាំង ១៣នាក់ គឺសុទ្ធតែជាមនុស្សចាស់ជរាមានអាយុយ៉ាងតិច ៨០ឆ្នាំ ដែលសម្រាកនៅឯកន្លែងថែទាំចាស់ជរា។

    ក្រោយកើតមានហេតុការណ៍អកុសលនេះអាជ្ញាធរសុខាភិបាលនៃប្រទេសន័រវេស បានណែនាំឲ្យមន្ត្រីសុខាភិបាលខ្លួនត្រូវចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់មុនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ព្រោះថាតាមរយៈបទពិសោធណ៍ខាងលើនេះអាចបង្ហាញថា ពលរដ្ឋដែលមានសុខភាពទន់ខ្សោយស្រាប់ គឺងាយនឹងកើតមានប្រតិកម្មពីវ៉ាក់សាំងណាស់។ សូមបញ្ជាក់ជូនថា ន័រវេសបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ដូសទី ១ ជូនពលរដ្ឋដោយឥតគិតថ្លៃចាប់តាំងពីចុងខែមុនមកម៉្លេះ ដោយពលរដ្ឋត្រូវមកទទួលវ៉ាក់សាំងក្នុងដំណាក់កាលដំបូងនេះ គឺមានចំនួនជាង ៣០ ០០០ នាក់ ហើយវ៉ាក់សាំងដែលន័រវេសបានយកមកប្រើប្រាស់មាន ២ ប្រភេទ ដោយមាន ១ ជារបស់ក្រុមហ៊ុន Pfizer និង ១ ទៀតជារបស់ក្រុមហ៊ុន Moderna ដែលទាំង ២ គឺសុទ្ធតែជាផលិតផលរបស់អាមេរិក៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ Times of India

    Share This Post: