ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កងកម្លាំងប្រមាណ ២៥,០០០នាក់ នឹងត្រូវដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន សម្រាប់ថ្ងៃឡើងកាន់តំណែងជាផ្លូវការរបស់លោក ចូ បៃដិន

    BY autoadmin January 18, 2021
    កងកម្លាំងប្រមាណ ២៥,០០០នាក់ នឹងត្រូវដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន សម្រាប់ថ្ងៃឡើងកាន់តំណែងជាផ្លូវការរបស់លោក ចូ បៃដិន

    អាជ្ញាធរនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីរបស់សហរដ្ឋអាមេរិក បានបង្កើនកម្លាំងសន្តិសុខរបស់ខ្លួន ដើម្បីទប់ស្កាត់ការធ្វើបាតុកម្មហិង្សាដែលអាចកើតមាន នៅមុនថ្ងៃសម្ពោធឡើងកាន់តំណែងរបស់លោក ចូ បៃដិន ដែលនឹងក្លាយជាប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃពុធនេះ។ រំលឹកដែរថាការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ធ្លាប់បានព្រមានពីការតវ៉ាប្រដាប់អាវុធដែលនឹងអាចមានឡើងនៅក្នុងរដ្ឋធានី និងរដ្ឋនានានៅទូទាំងប្រទេសនៅពេលថ្ងៃសម្ពោធខិតជិតមកដល់។

    ការព្រមាននេះកើតឡើងបន្ទាប់ពីការសម្រុកចូលវិមានកាពីតូល កាលពីថ្ងៃទី០៦ ខែមករា ដោយក្រុមបាតុករ រួមទាំងអ្នកគាំទ្រប្រធានាធិបតីជិតដាច់អាណាត្តិលោក ដូណាល់ ត្រាំ ផងដែរ។

    អាជ្ញាធរបានរឹតត្បិតការចូលរបស់យានយន្តនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងស្ថានីយ៍រថភ្លើងក្រោមដីដែលបានបិទចោល។ ពួកគេក៏បានដំឡើងរបងដែកកម្ពស់ប្រហែល ២ម៉ែត្រ និងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ដើម្បីស្វែងរកសញ្ញាឧបករណ៍គ្រោះថ្នាក់ណាមួយ។ កងទ័ពឆ្មាំជាតិរហូតដល់ទៅ ២៥,០០០ នាក់ ត្រូវបានគេរំពឹងថានឹងត្រូវដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសម្ពោធនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: