មន្ត្រីសុខាភិបាលនៃរដ្ឋកាលីហ្វ័រញ៉ា ស្នើសុំឱ្យផ្អាកការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna បន្ទាប់ពីមានប្រតិកម្មមិនល្អលើអ្នកទទួលវ៉ាក់សាំង
មន្ត្រីសុខាភិបាលនៃរដ្ឋកាលីហ្វ័រញ៉ាកំពុងស្នើសុំឱ្យអ្នកផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 បញ្ឈប់ការការចែកចាយវ៉ាក់សាំងជាបន្ទាន់ បន្ទាប់ពីមានប្រតិកម្មមិនល្អច្រើនដែលទាក់ទងនឹងវ៉ាក់សាំងនេះ។ មន្ទីរសុខាភិបាលសាធារណៈរដ្ឋកាលីហ្វ័រញ៉ាបាននិយាយកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងពីក្រុមហ៊ុន Moderna លេខ Lot 041L20A ត្រូវបានគេសង្ស័យថា បណ្តាលឱ្យមានការធ្វើទុក្ខច្រើនជាងធម្មតា ហើយគួរតែទុកចោលរហូតទាល់តែមានការស៊ើបអង្កេតត្រឹមត្រូវមួយ។

វេជ្ជបណ្ឌិត Erica S. Pan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មនុស្សតិចជាង ១០នាក់ ទទួលរងនូវប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ និងត្រូវការការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បន្ទាប់ពីបានចាក់វ៉ាក់សាំង»។ ឧប្បត្តិហេតុទាំងអស់ហាក់ដូចជាបានកើតឡើងនៅគ្លីនិកសហគមន៍តែមួយ ដែលទទួលការផ្គត់ផ្គង់វ៉ាក់សាំងច្រើនជាងគេ ហើយទីតាំងនោះក៏បានបិទរាប់ម៉ោង បន្ទាប់ពីអ្នលទទួលវ៉ាក់សាំងមានបញ្ហាទាំងអស់នេះ។ ក្រោយមកពួកគេក៏បានប្ដូរទៅបាច់ (batch) ថ្មីផ្សេងទៀត ប៉ុន្តែជារបស់ក្រុមហ៊ុន Moderna ដដែល។
យោងតាមវេជ្ជបណ្ឌិត Erica S. Pan បានឱ្យដឹងថា ចំនួនវ៉ាក់សាំងច្រើនជាង ៣៣០ ០០០ ដូស ពីក្រុមហ៊ុន Moderna ដូចគ្នាត្រូវបានចែកចាយដល់អ្នកផ្តល់សេវាចាក់ថ្នាំបង្ការចំនួន ២៨៧ កន្លែង នៅទូទាំងរដ្ឋ ប៉ុន្តែនេះជាលើកទី ១ ហើយដែលអាជ្ញាធរសុខាភិបាលទទួលបានរបាយការណ៍ ដែលបង្ហាញពីប្រតិកម្មមិនល្អរបស់វា។ ឥឡូវនេះទាំងក្រុមហ៊ុន Moderna, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ និង រដ្ឋបាលចំណីអាហារនិងឪសថ កំពុងពិនិត្យបាច់ដែលប៉ះពាល់ និងទិន្នន័យទាំងអស់ឡើងវិញ៕


អត្ថបទ៖ លីដា
ប្រភព៖ RT