ថៃរំពឹងថា នឹងអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនមួយ សម្រាប់ការប្រើប្រាស់ជាបន្ទាន់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា វ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តសម្រាប់ការប្រើជាបន្ទាន់នៅក្នុងប្រទេសថៃ ហើយការចាក់ថ្នាំបង្ការអាចនឹងចាប់ផ្តើមនៅខែក្រោយ ដោយចាប់ផ្តើមពីក្រុមងាយរងគ្រោះ ដែលស្ថិតនៅក្នុងខេត្តឆ្នេរចំនួន ៥ ដែលមានការរីករាលដាលខ្លាំង និងកំពុងមានវិធានការណ៍តឹងរឹង។

រដ្ឋបាលចំណីអាហារនិងឪសថ (FDA) របស់ថៃរំពឹងថា នឹងអនុម័តវ៉ាក់សាំងសម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅសប្តាហ៍នេះ។ អគ្គនាយកដ្ឋានត្រួតពិនិត្យជំងឺរបស់ក្រសួងសុខាភិបាលលោក Opas Karnkawinpong បាននិយាយថា FDA កំពុងពិនិត្យមើលឯកសារពាក់ព័ន្ធ ដែលជាផ្នែកមួយនៃដំណើរការចុះបញ្ជី និងដើម្បីប្រកាសពីប្រសិទ្ធភាពនិងសុវត្ថិភាពរបស់វ៉ាក់សាំង។
មុននេះប្រទេសថៃក៏ទទួលបានវ៉ាក់សាំងចំនួន ២៦ លានដូស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។ ក្រុមហ៊ុនថៃ Siam Bioscience ក៏ត្រូវបានកំណត់ ជាទីតាំងដើម្បីផលិតវ៉ាក់សាំង AstraZeneca ហើយការចាក់ថ្នាំសម្រាប់សាធារណជនទូទៅ ត្រូវបានគេព្យាករថានឹងចាប់ផ្តើមនៅពាក់កណ្តាល ឆ្នាំ២០២១ ផងដែរ។
ចាប់តាំងពីរលកនៃការឆ្លងជំងឺ COVID-19 ថ្មីបំផុតចាប់ផ្តើមចេញពីផ្សារអាហារសមុទ្រ នៅឯខេត្តសាមុតសាខនកាលពីខែមុន ប្រទេសថៃក៏ទទួលបានវ៉ាក់សាំងពីក្រុមហ៊ុន Sinovac BioTech របស់ចិនចំនួន ២ លានដូស ផងដែរ។ វ៉ាក់សាំងលើកដំបូងចំនួន ២០០ ០០០ ដូស ត្រូវបានគេរំពឹងថានឹងមកដល់នៅខែក្រោយ ហើយចំនួន ៨០០ ០០០ ដូសទៀត នឹងមកដល់នៅខែមីនា និង ១ លានដូស នៅក្នុងខែមេសា៕


អត្ថបទ៖ លីដា
ប្រភព៖ The Thaiger