អន្តរជាតិ

ក្លាយជាអ្នកមានមួយប៉ប្រិចភ្នែក! អ្នកនេសាទជនជាតិថៃម្នាក់រើសបានកម្អួតត្រីបាឡែនមួយដុំទំងន់៧គីឡូក្រាម ឯតម្លៃវិញញាក់សាច់តែម្តង (មានវីដេអូ)

BY
autoadmin
January 20, 2021

ថៃ៖ អ្នកនេសាទជនជាតិថៃម្នាក់ត្រូវបានសារព័ត៌មាន Daily Mail រាយការណ៍ថា រូបគាត់មានសំណាងរើសបានកម្អួតត្រីបាឡែនមួយដុំ ដែលមានតម្លៃជាទឹកប្រាក់ជិត ៣០ ម៉ឺនដុល្លារអាមេរិក។ ​អ្នកនេសាទរូបនេះមានឈ្មោះថា Chalermchai Mahapan អាយុ ២០ ឆ្នាំ ហើយរូបគាត់បានរើសកម្អួតត្រីបាឡែនមួយដុំនោះពីឆ្នេរសមុទ្រ Samila ស្ថិតនៅភាគត្បូងនៃខេត្តសុងក្លា កាលពីថ្ងៃទី ៦ ខែមករា កន្លងទៅនេះ។ លោក Chalermchai Mahapan បានប្រាប់ឲ្យដឹងថា មុនដំបូងឡើយគាត់មិនបានស្គាល់ថាវាជាកម្អួត្រីបាឡែននោះទេ ដោយពេលឃើញមួយភ្លែតគាត់គិតថាវាគ្រាន់តែជាដុំថ្មធម្មតាប៉ុណ្ណោះ តែពេលទៅដល់ជិតទើបដឹងថាវាមិនមែនជាដុំថ្មនោះទេ ហើយពេលនោះគាត់គិតត្រឹមថាវាអាចជារបស់មានតម្លៃមួយក៏សម្រេចរើសយកមកផ្ទះ។

យ៉ាងណាក្តី ពេលមកដល់ផ្ទះនិងបានសាកសួរពលរដ្ឋចាស់ៗនៅក្នុងសហគមន៍ ទើបគាត់បានដឹងថាដុំដែលគាត់រើសបាននោះគឺជាកម្អួតត្រីបាឡែន ដែលជាវត្ថុធាតុដើមដ៏មានតម្លៃសម្រាប់ផលិតជាទឹកអប់ថ្លៃៗនៅលើពិភពលោក។ កម្អួតត្រីបាឡែនមួយដុំនោះមានទម្ងន់ ៧ គីឡូក្រាម ហើយបើតាមតម្លៃក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះវាអាចមានតម្លៃសរុប ២១០ ០០០ ផោន (២៨៦ ៦៦៨ ដុល្លារអាមេរិក)។ គួរបញ្ជាក់ជូនថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដំណឹងនៃអ្នកនេសាទតាមសមុទ្ររើសបានកម្អួតត្រីបាឡែនបានកើតមានជាហូរហែ ហើយគេនៅចាំបានថា កាលពីឆ្នាំ ២០១៦ មានអ្នកនេសាទជនជាតិអូម៉ង់ម្នាក់រើសបានកម្អួតត្រីបាឡែនដែលមានទម្ងន់សរុប ៨០ គីឡូក្រាម និងមានតម្លៃរហូតដល់ ៣ លានដុល្លារអាមេរិកឯណោះ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: