ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីបំផុតលោក Jack Ma បានបង្ហាញខ្លួនជាលើកដំបូង បន្ទាប់ពីបានបាត់ខ្លួនរយៈពេល ៣ខែ ចាប់តាំងពីខែតុលា

    BY autoadmin January 20, 2021
    ទីបំផុតលោក Jack Ma បានបង្ហាញខ្លួនជាលើកដំបូង បន្ទាប់ពីបានបាត់ខ្លួនរយៈពេល ៣ខែ ចាប់តាំងពីខែតុលា

    ស្ថាបនិកក្រុមហ៊ុន Alibaba Group លោក Jack Ma បានជួបជាមួយគ្រូៗនៅតាមជនបទក្នុងប្រទេសចិនចំនួន ១០០នាក់ តាមរយៈជំនួបតាមវីដេអូ នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់ចាប់តាំងពីខែតុលា។ ជម្រាបដែរថា បណ្ដាញសង្គមមានការសង្ស័យពីអវត្តមានរបស់គាត់ក្នុងរយៈពេលថ្មីៗនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា គាត់បានខកខានវគ្គចុងក្រោយនៃកម្មវិធីទូរទស្សន៍មួយ ដែលគាត់គឺជាអ្នកវិនិច្ឆយក្នុងកម្មវិធីនោះ ចំពេលមានការគៀបសង្កត់បទប្បញ្ញត្តិដោយទីក្រុងប៉េកាំង ស្តីអំពីអាណាចក្រជំនួញដែលរីកដុះដាលរបស់គាត់។

    លោក Jack Ma មិនបានបង្ហាញខ្លួនជាសាធារណៈនោះទេ ចាប់តាំងពីវេទិកានៅទីក្រុងសៀងហៃ នៅចុងខែតុលា ឆ្នាំ២០២០ ដែលទីនោះជាកន្លែងដែលគាត់បានស្តីបន្ទោសប្រព័ន្ធច្បាប់របស់ចិននៅក្នុងសុន្ទរកថា ដែលធ្វើឱ្យគាត់មានការប៉ះទង្គិចគ្នាជាមួយមន្រ្តី ដែលនាំឱ្យមានការផ្អាកការផ្ដល់ជូន IPO តម្លៃ ៣៧ ពាន់លានដុល្លារ នៃសម្ព័ន្ធភាពហិរញ្ញវត្ថុ Ant Group របស់ក្រុមហ៊ុន Alibaba ។

    នៅក្នុងវីដេអូដែលគាត់បានបង្ហាញខ្លួននេះ លោក Jack Ma បានថ្លែងទៅកាន់គ្រូៗ ដែលទទួលបានពានរង្វាន់គ្រូនៅជនបទ (Rural Teachers Award) ដែលកាលពីឆ្នាំមុនៗគាត់តែងបានចូលរួមពិធីនេះ ដែលរៀបចំឡើងដោយមូលនិធិ Jack Ma នៅទីក្រុងសាន់យ៉ានៃប្រទេសចិន។ លោកបាននិយាយនៅក្នុងវីដេអូថា៖«យើងមិនអាចជួបគ្នានៅក្រុងសាន់យ៉ាពេលនេះបាន ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 ។ នៅពេលដែលជំងឺរាតត្បាតបានបញ្ចប់ យើងត្រូវតែរកពេលវេលា ដើម្បីរៀបចំខ្លួនសម្រាប់ដំណើររបស់អ្នករាល់គ្នាទៅកាន់ក្រុងសាន់យ៉ា ហើយបន្ទាប់មកយើងនឹងជួបគ្នាម្តងទៀត!»៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: