អន្តរជាតិ

ក្រុមហ៊ុនឱសថ Pfizer និង BioNTech បានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ពួកគេ គឺអាចប្រឆាំងកូវីដ១៩ទម្រង់ថ្មី ដែលផ្ទុះនៅអង់គ្លេសបាន

BY
autoadmin
January 21, 2021

ក្រុមហ៊ុន Pfizer និង BioNTech បានបញ្ជាក់ពីករណីដែលថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេ គឺអាចប្រឆាំងជាមួយជំងឺ COVID-19 ប្រភេទថ្មី (new variant) ដែលផ្ទុះឡើងនៅចក្រភពអង់គ្លេសបាន ជាមួយនឹងលទ្ធផលនៃការសាកល្បងមន្ទីរពិសោធន៍មួយផ្សេងទៀត។ បើយោងតាមលទ្ធផលសាកល្បងរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រ Texas បានឱ្យដឹងថា អង្គបដិប្រាណនៅក្នុងឈាមរបស់អ្នកដែលបានចាក់វ៉ាក់សាំងនោះ អាចបន្សាបវីរុសមានកំណែហ្សែនថ្មី (mutant) ដែលត្រូវបានបង្កើតនៅក្នុងមន្ទីរពិសោធន៍។ ហើយការសិក្សានេះក៏ត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័រ BioRxiv សម្រាប់ការឱ្យអ្នកវិទ្យាសាស្ត្រដទៃបានត្រួតពិនិត្យផងដែរ។

មិនដូចជាការសិក្សាពីមុនដែលផ្តោតលើការផ្លាស់ប្តូរហ្សែនតែមួយមុខទេ ការស្រាវជ្រាវថ្មីបានសាកល្បងលើការផ្លាស់ប្តូរហ្សែនទាំង ១០ ដែលមានទីតាំងនៅលើប្រូតេអ៉ីនរបស់វីរុស ដែលជួយពួកវាក្នុងការភ្ជាប់ទៅនឹងកោសិកាអ្នកជំងឺ។ លទ្ធផលនៃការសាកល្បងបានបង្ហាញថា អង់ទីករក្នុងឈាមរបស់អ្នកស្ម័គ្រចិត្តចំនួន ១៦នាក់ ដែលបានចូលរួមក្នុងការសិក្សានេះ គឺមានប្រសិទ្ធភាពប្រឆាំងនឹងប្រភេទជំងឺ COVID-19 ដែលបង្កើតដោយមន្ទីរពិសោធន៍ ដូចគ្នានឹងប្រសិទ្ធភាពប្រឆាំងនឹងវីរុសដើម។ ដូច្នេះវាមានន័យថា ទោះបីជាវីរុសកូរ៉ូណាប្រភេទថ្មីដែលផ្ទុះឡើងនៅអង់គ្លេស ក៏មិនអាចគេចផុតពីវ៉ាក់សាំងនេះដែរ។

ប្រភពមិនបានសរសេរលម្អិតពីការសិក្សានេះទេ ប៉ុន្តែបាននិយាយថា BioNTech នឹងត្រៀមខ្លួនជាស្រេច ដើម្បីសម្របវ៉ាក់សាំងទៅតាមប្រភេទជំងឺ COVID-19 ប្រសិនបើចាំបាច់នាពេលអនាគត។ ការសិក្សានេះគឺមានភាពចាំបាច់ ដើម្បីការពារមនុស្សប្រឆាំងនឹងជំងឺ COVID-19 ប្រភេទថ្មីៗ នៅចំពេលដែលអាហ្វ្រិកខាងត្បូងក៏កំពុងប្រឈមនឹងជំងឺ COVID-19 ប្រភេទផ្សេងមួយទៀត ខណៈត្រូវបានគេនិយាយថា វាពិបាកពិនិត្យជាងប្រភេទមុនៗទៅទៀត។ អ្វីដែលគួរឱ្យព្រួយបារម្ភគឺថា ពាក់កណ្ដាលនៃអ្នកដែលបានឆ្លងជំងឺ COVID-19 នៅអាហ្វ្រិកខាងត្បូង មិនមានអង់ទីករដើម្បីការពារពួកគេពីជំងឺវិញនោះឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: