អន្តរជាតិ

ប្រទេសចិនបានដាក់ទណ្ឌកម្មលើមន្ត្រីនៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ចំនួន ២៨រូប ពីបទបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាង ចិន-អាមេរិក

BY
autoadmin
January 21, 2021

រដ្ឋាភិបាលប្រទេសចិនបានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចំនួន ២៨រូប ដែលបានបម្រើនៅក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ពីបទបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាង ចិន-អាមេរិក យ៉ាងធ្ងន់ធ្ងរ។ ក្រសួងការបរទេសនៃប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈអ្នកនាំពាក្យរបស់ខ្លួនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានបញ្ជាក់ថា ក្នុងចំណោមពួកគេទាំងនោះមាន៖ អតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo, អតីតទីប្រឹក្សាសេតវិមានលោក Peter Navarro និងលោក Robert O’Brien ។

សេចក្តីថ្លែងការណ៍និយាយថា៖«អ្នកនយោបាយប្រឆាំងចិនមួយចំនួននៅសហរដ្ឋអាមេរិក ធ្វើការដើម្បីប្រយោជន៍នយោបាយអាត្មានិយម ការរើសអើង និងការស្អប់ខ្ពើមប្រឆាំងនឹងចិន និងមិនបង្ហាញពីផលប្រយោជន៍របស់ប្រជាជនចិន និងអាមេរិកឡើយ ដោយបានអនុវត្តសកម្មភាពឆ្កួតៗ ជាបន្តបន្ទាប់»។ វាក៏និយាយផងដែរថា «ចលនាទាំងនោះបានជ្រៀតជ្រែកយ៉ាងខ្លាំងក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន – អាមេរិកយ៉ាងធ្ងន់ធ្ងរ»។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា «បុគ្គលទាំងនេះនិងសមាជិកគ្រួសាររបស់ពួកគេ ត្រូវបានហាមឃាត់មិនឱ្យចូលចិនដីគោក ហុងកុង និងម៉ាកាវរបស់ប្រទេសចិនឡើយ»។ ដោយបានបន្ថែមទៀតថា «ពួកគេនិងក្រុមហ៊ុន និងស្ថាប័នដែលពាក់ព័ន្ធជាមួយពួកគេ ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើជំនួញជាមួយប្រទេសចិនដែរ»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: