មកដល់ពេលនេះ ចំនួនអ្នកស្លាប់នៅប្រទេសជប៉ុនកើនដល់ជិត២០០នាក់ហើយ រីឯអ្នកបាត់ខ្លួនក៏ច្រើនផងដែរ
ជប៉ុន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឲ្យដឹងថា គិតមកទល់នឹងពេលនេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិដ៏សាហាវរបស់ជប៉ុនបានកើនឡើងដល់១៧៩នាក់ហើយ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនបានឲ្យដឹងកាលពីថ្ងៃពុធនេះ។
ប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះនោតែបន្ត បន្ទាប់ពីទឹកជំនន់ និងការបាក់ដី ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង ហើយមនុស្សជាច្រើននៅបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ។ ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្ដាលឲ្យមានទឹកជំនន់ និងការបាក់ដីនៅភាគខាងលិចនៃប្រទេសជប៉ុនកាលពីសប្ដាហ៍មុន ហើយបានបណ្តាលឲ្យមនុស្សជាច្រើនស្លាប់ និងបំផ្លិចបំផ្លាញទ្រព្យអស់មិនចេះតិច។ រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សចំនួន៦៧នាក់កំពុងបាត់ខ្លួននៅឡើយ។
នៅក្នុងទីក្រុង Kurashiki ទឹកជំនន់បានហ៊ុមព័ទ្ធស្រុកឃុំនៅទីនោះទាំងមូលតែម្តង ធ្វើឲ្យប្រជាពលរដ្ឋត្រូវបង្ខំចិត្តឡើងទៅលើដំបូលផ្ទះ ដើម្បីរងចាំក្រុមសង្គ្រោះមកជួយ។ ចំណែកឯក្រុមជួយសង្គ្រោះវិញ បានធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីរកមើលអ្នកនៅមានជីវិត ឬមានជនណារងរបួស ដោយសារតែគ្រោះធម្មជាតិនេះ៕
អត្ថបទ៖ ឌី
ប្រភព៖ channelnewsasia






