អន្តរជាតិ

ចំនួនអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០២០ បន្ទាប់ពីបានចុះថយរយៈពេល ១០ឆ្នាំ កន្លងមកនេះ

BY
autoadmin
January 22, 2021

ចំនួនអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះអស់រយៈពេល ១០ឆ្នាំ ជាប់គ្នាកន្លងមក។ ទីភ្នាក់ងារប៉ូលីសជាតិបានផ្សព្វផ្សាយទិន្នន័យបឋមមួយដែលបង្ហាញថា មានមនុស្ស ២០,៩១៩ នាក់ បានសម្លាប់ខ្លួននៅឆ្នាំ២០២០ ដែលវាជាការកើនឡើង ៧៥០នាក់ ឬ ៣.៧% ចាប់តាំងពីឆ្នាំ២០១៩ នៅពេលដែលប្រទេសនេះបានរាយការណ៍អំពីចំនួនអត្តឃាតប្រចាំឆ្នាំទាបបំផុតមិនធ្លាប់មាន។ នេះជាលើកទីមួយហើយចាប់តាំងពីឆ្នាំ២០០៩ (ឆ្នាំមានវិបត្តិហិរញ្ញវត្ថុពិភពលោក) ដែលប្រទេសជប៉ុនបានបង្ហាញពីចំនួននៃការធ្វើអត្តឃាតកើនឡើងធៀបនឹងឆ្នាំចាស់។

ទិន្នន័យបានបង្ហាញថា មានបុរស ១៣,៩៤៣ នាក់ បានសម្លាប់ខ្លួនកាលពីឆ្នាំ២០២០ ពោលគឺធ្លាក់ចុះ ១៣៥ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត។ ប៉ុន្តែការធ្វើអត្តឃាតក្នុងចំណោមស្ត្រីបានកើនឡើងបន្ថែម ៨៨៥នាក់ រហូតដល់ ៦,៩៧៦នាក់ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ។ ការធ្វើអត្តឃាតរបស់កុមារ ឬមនុស្សវ័យក្មេងក៏បានកើនឡើងផងដែរ ដោយទិន្នន័យបង្ហាញថា សិស្សសាលាចំនួន ៤៤០នាក់ មកពីបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ បានសម្លាប់ខ្លួននៅចន្លោះខែមករា និងវិច្ឆិកាឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតនៅក្នុងកំណត់ត្រា។

រដ្ឋាភិបាលជប៉ុននិយាយថា វាអាចទៅរួចដែលថាចំនួននៃការធ្វើអត្តឃាតបានកើនឡើង ដោយសារតែផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺ COVID-19 ។ ពួកគេបាននិយាយថា នឹងពិនិត្យមើលព័ត៌មានលម្អិតនៃស្ថានភាពនេះ ហើយចាត់វិធានការបន្ថែមទៀត ដោយសហការជាមួយស្ថាប័នឯកជននានា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: