ស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត បានប្រកាសថា លោកបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសដំបូងរួចហើយ
- BY
- autoadmin
- January 23, 2021
ស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត (Bill Gates) បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 លើកដំបូងរបស់លោកនៅថ្ងៃសុក្រនេះ (ម៉ោងនៅអាមេរិក) បន្ទាប់ពីបានចំណាយរាប់លានទៅក្នុងការអភិវឌ្ឍន៍ និងការចែកចាយវ៉ាក់សាំង។ បន្ទាប់ពីទទួលបានវ៉ាក់សាំងរួចហើយនោះ លោកបានសរសេរនៅក្នុងបណ្ដាញសង្គមថា៖ «ខ្ញុំមានអារម្មណ៍ល្អណាស់» ដោយមានបន្ថែមរូបភាពខ្លួនគាត់ផ្ទាល់ នៅពេលដែលកំពុងទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ផងដែរ។

លោកបានបន្ថែមថា៖«សូមអរគុណដល់អ្នកវិទ្យាសាស្ត្រទាំងអស់ អ្នកចូលរួមការសាកល្បង អ្នកធ្វើនិយ័តកម្ម និងបុគ្គលិកសុខាភិបាលជួរមុខដែលបានជួយដល់យើង»។ ជម្រាបដែរថាដោយសារគាត់មាន ៦៥ឆ្នាំ លោក ប៊ីល ហ្គេត មានសិទ្ធិទទួលវ៉ាក់សាំងក្រោមផែនការចែកចាយកម្រិត១ របស់រដ្ឋវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក។
គួរឱ្យដឹងដែរថាលោក ប៊ីល ហ្គេត បានក្លាយជាឈ្មោះទូទៅមួយនៅក្នុងការពិភាក្សាអំពីជំងឺ COVID-19 ដោយមិនត្រឹមតែការចូលរួមមូលនិធិរាប់លានដុល្លាររបស់លោកសម្រាប់វ៉ាក់សាំងនោះទេ ប៉ុន្តែក៏ដោយសារតែការពិភាក្សា TED មួយរបស់លោក តាំងពីឆ្នាំ២០១៥ ដែលពេលនោះលោកបានព្រមានថា ពិភពលោកមិនបានត្រៀមទុកមុនសម្រាប់ការរាតត្បាតជាសកលនោះទេ។ កិច្ចពិភាក្សានោះក៏បានក្លាយជាគោលដៅសម្រាប់មនុស្សមួយចំនួន ដែលបានគិតថាលោកបានរួមចំណែកនៅក្នុងបញ្ហាទាំងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






