អន្តរជាតិ

ភស្តុតាងថ្មីបានបង្ហាញថា ជំងឺកូវីដ១៩ប្រភេទថ្មីដែលផ្ទុះឡើងនៅអង់គ្លេស ទំនងជាមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងមុន

BY
autoadmin
January 23, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ភស្តុតាងដំបូងទៅលើជំងឺ COVID-19 បានបង្ហាញថា ប្រភេទវីរុសថ្មីដែលបានផ្ទុះឡើងនៅចក្រភពអង់គ្លេស គឺទំនងជាមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងមុន។ ការរកឃើញនេះបានកើតឡើងបន្ទាប់ពីមានការប្រៀបធៀបទិន្នន័យការស្លាប់របស់អ្នកជំងឺ COVID-19 រវាងប្រភេទពីមុន និង ប្រភេទថ្មីដែលកំពុងចម្លងរីករាលដាលពេញចក្រភពអង់គ្លេស។

វាជាការវាយតម្លៃដោយសុខភាពសាធារណៈនៃប្រទេសអង់គ្លេស មហាវិទ្យាល័យ Imperial College, សាលាអនាម័យនិងវេជ្ជសាស្ត្រត្រូពិកទីក្រុងឡុងដ៍ និងសាកលវិទ្យាល័យ Exeter ដែលបានព្យាយាមវាយតម្លៃថា តើជំងឺ COVID-19 ប្រភេទថ្មីនៅអង់គ្លេសមានគ្រោះថ្នាក់ដល់កម្រិតណា។ ភស្តុតាងរបស់ពួកគេក៏ត្រូវបានពិនិត្យដោយក្រុមអ្នកវិទ្យាសាស្ត្រមកពី ក្រុមទីប្រឹក្សាថ្មីស្តីពីការគំរាមកំហែងដល់ការដកដង្ហើម (Nervtag) ផងដែរ។

នាយករដ្ឋមន្ត្រីលោក Boris Johnson បានប្រាប់សន្និសីទខ្លីមួយថា៖«បន្ថែមពីលើការរីករាលដាលកាន់តែលឿន ឥឡូវនេះវាក៏លេចចេញនូវភស្តុតាងមួយចំនួន ដែលបង្ហាញថាវ៉ារ្យ៉ង់ថ្មី ដែលផ្ទុះឡើងនៅទីក្រុងឡុងនិងភាគអាគ្នេយ៍ អាចមានទំនាក់ទំនងជាមួយនឹងកម្រិតមរណភាពខ្ពស់»។ លោកបានបន្ថែមថា ករណីនៃជំងឺ COVID-19 ថ្មីៗចុងក្រោយនេះ ភាគច្រើនជាការឆ្លងនៃប្រភេទវីរុសថ្មី ដែលធ្វើឱ្យពេទ្យ ឬបុគ្គលិកសុខាភិបាលកាន់តែមានសម្ពាធខ្លាំងឡើង។

ពីមុនគេបាននិយាយថា ជំងឺ COVID-19 ប្រភេទថ្មីគ្រាន់តែឆ្លងលឿនជាងមុនពី ៣០% ទៅ ៧០% ហើយកម្រិតគ្រោះថ្នាក់ដល់អាយុជីវិតមានប្រហែល ៣០% ប៉ុណ្ណោះ។ ពោលគឺមនុស្សមានអាយុ ៦០ឆ្នាំ ចំនួន ១,០០០ នាក់ ដែលឆ្លងជំងឺ COVID-19 ក្នុងនោះអាចមាន ១០នាក់ ត្រូវស្លាប់ដោយសារជំងឺនេះ។ ប៉ុន្តែយ៉ាងណាវាអាចកើនឡើងដល់ប្រហែល ១៣នាក់ ជាមួយសម្រាប់អ្នកដែលបានឆ្លងជំងឺ COVID-19 ប្រភេទថ្មី។ ភាពខុសគ្នានេះត្រូវបានរកឃើញ សម្រាប់គ្រប់គ្នាដែលវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែការវិភាគទិន្នន័យពីមន្ទីរពេទ្យ មិនបានរកឃើញការកើនឡើងអត្រាស្លាប់នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: