អន្តរជាតិ

WHO បានឈានដល់កិច្ចព្រមព្រៀងវ៉ាក់សាំងចំនួន ៤០លានដូស ពីក្រុមហ៊ុន Pfizer / BioNTech ដើម្បីចែកចាយទៅប្រទេសក្រីក្រនៅខែក្រោយនេះ

BY
autoadmin
January 23, 2021

អង្គការសុខភាពពិភពលោកនិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីធានាវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer / BioNTech  ចំនួន ៤០ លានដូស ហើយគួរតែអាចចាប់ផ្តើមចែកចាយដល់ប្រទេសដែលមានចំណូលទាប និងក្រីក្រនៅខែកុម្ភៈនេះ។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រកាសពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃសុក្រ ដោយនិយាយថា៖ «វាមានន័យថាយើងខិតជិតដល់ការបំពេញតាមការសន្យារបស់ COVAX ហើយ»។

ការរៀបចំនេះត្រូវបានបញ្ចូលទៅក្នុងគម្រោង COVAX ដែលត្រូវបានរៀបចំឡើង ដើម្បីធានាបាននូវការចែកចាយវ៉ាក់សាំងឱ្យបានស្មើភាពគ្នានៅជុំវិញពិភពលោក។ WHO ក៏មានកិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំងចំនួន ១៥០ លានដូល្លា ដែលបង្កើតដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ផងដែរ។

លោកក៏បានអំពាវនាវឱ្យមានកិច្ចសហការកាន់តែខ្លាំងពីបណ្តាប្រទេសនានា ដើម្បីធានាថា ការចាក់វ៉ាក់សាំងលើបុគ្គលិកសុខាភិបាល និងមនុស្សចាស់ កំពុងដំណើរការនៅក្នុងប្រទេសទាំងអស់ ក្នុងរយៈពេល ១០០ថ្ងៃ ដំបូងនៅឆ្នាំក្នុងឆ្នាំ២០២១។ ជម្រាបដែរថាកម្មវិធីចាក់ថ្នាំបង្ការរោគកំពុងត្រូវបានដាក់ឱ្យដំណើរការនៅតាមតំបន់ជាច្រើនលើពិភពលោក ប៉ុន្តែភាគច្រើនគឺនៅក្នុងប្រទេសអភិវឌ្ឍន៍។ ដោយបានមើលឃើញបញ្ហានេះជាមុន ទើប WHO បង្កើតគម្រោងវ៉ាក់សាំង COVAX នេះឡើង ដើម្បីធានាឱ្យមានវ៉ាក់សាំងសម្រាប់ប្រទេសមានចំណូលទាប និងក្រីក្រ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: