តៃវ៉ាន់ដាក់ពលរដ្ឋរបស់ខ្លួនជាង ៥,០០០នាក់ ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ បន្ទាប់ពីមានការផ្ទុះឡើងនៃករណីកូវីដ១៩ ក្នុងសហគមន៍ចេញពីមន្ទីរពេទ្យមួយ
- BY
- autoadmin
- January 25, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃអាទិត្យ ទី២៤ ខែមករា បានឱ្យដឹងថា កោះតៃវ៉ាន់នឹងត្រូវដាក់ពលរដ្ឋរបស់ខ្លួនជាង ៥,០០០ នាក់ ឱ្យនៅដាច់ឆ្ងាយពីគ្នានៅតាមផ្ទះ ដោយសារខ្លួនកំពុងព្យាយាមទប់ទល់នឹងការផ្ទុះឡើងនៃករណីជំងឺ COVID-19 ក្នុងសហគមន៍ ដែលបានផ្សារភ្ជាប់ទៅនឹងមន្ទីរពេទ្យមួយ។ ទឹកដីនេះតែងគ្រប់គ្រងជំងឺ COVID-19 បានយ៉ាងល្អ ដោយចាប់តាំងពីមានវត្តមាននៃជំងឺ COVID-19 ពួកគេមានករណីប្រមាណ ៨៩០ករណី ដែលជាភាគច្រើនជាករណីនាំចូល ប៉ុន្តែចាប់តាំពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មក ចំនួនអ្នកឆ្លងក្នុងសហគមន៍ទាក់ទងនឹងមន្ទីរពេទ្យមួយក៏បានផ្ទុះឡើង។

មនុស្សចំនួន ១៥នាក់ បានឆ្លងជំងឺ COVID-19 នៅឯមន្ទីរពេទ្យនៅភាគខាងជើងនៃទីក្រុង Taoyuan ហើយថ្វីបើវាជាចំនួនតិចបើប្រៀបធៀបទៅនឹងផ្នែកជាច្រើននៃពិភពលោក ប៉ុន្តែវាបានធ្វើឱ្យរដ្ឋាភិបាលមិនសប្បាយចិត្តនោះទេ ដោយសារត្រូវលុបចោលព្រឹត្តិការណ៍ទ្រង់ទ្រាយធំជាច្រើន ទាក់ទងនឹងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ លោក Chen Shih-chung រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រាប់អ្នកយកព័ត៌មានថា ពួកគេនឹងត្រូវដាក់មនុស្សរហូតដល់ទៅ ៥,០០០នាក់ ឱ្យនៅដាច់ឆ្ងាយពីផ្ទះរយៈពេល ១៤ថ្ងៃ សម្រាប់អ្នកដែលអាចមានទំនាក់ទំនងជាមួយអ្នកជំងឺ COVID-19 ដែលឆ្លងពីចង្កោមមន្ទីរពេទ្យ ដោយបន្ថែមពីលើមនុស្ស ១,៣០០នាក់ ដែលកំពុងនៅដោយឡែកនាពេលបច្ចុប្បន្ន៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






