ក្រុមអ្នកវេជ្ជសាស្ត្រជំនាញព្រមានពីជំងឺថ្មី ដែលអាចរាតត្បាតជុំវិញពិភពលោក
ក្រុមអ្នកវេជ្ជសាស្ត្រជំនាញបានព្រមានពីជំងឺថ្មីមួយទៀត ដែលអាចឆ្លងតាមការរួមភេទប្រភេទ ហើយវាអាចរាតត្បាតជុំវិញពិភពលោក និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរប្រសិនបើនរណាម្នាក់បានកើតជំងឺនេះ។ មេរោគជំងឺនេះ ត្រូវបានក្រុមអ្នកវេជ្ជសាស្រ្តហៅថា Mycoplasma genitalium (MG) ដែលជាបាក់តេរីម្យ៉ាងឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បានតាមរយៈការរួមភេទដោយមិនបានការពារត្រឹមត្រូវ។ ជាទូទៅជំងឺប្រភេទថ្មីនេះ មិនបានបង្ហាញរោគសញ្ញាអ្វីជាក់លាក់នោះទេ នៅពេលដែលអ្នកណាម្នាក់ទើបនឹងបានឆ្លងនូវមេរោគនេះ។ យ៉ាងណាក្តី នៅពេលវាវិវឌ្ឍន៍ទៅដល់ដំណាក់កាលធ្ងន់ធ្ងរ វានឹងបង្កឲ្យមានបញ្ហាមួយចំនួនដូចជា៖
+ សម្រាប់មនុស្សប្រុស៖ ឈឺចាប់ពេលបត់ជើងតូច ឈឺចាប់លើប្រដាប់ភេទ និងមានទឹកហូរចេញពីលឹង្គយ៉ាងច្រើន។
+ សម្រាប់មនុស្សស្រី៖ រលាកសរីរាង្គបន្តពូជ (ស្បូន និងកស្បូន) រលាកអាងត្រគៀក ហូរឈាមតាមប្រដាប់ភេទ និងក្តៅខ្លួនខ្លាំងជាដើម។
ដើម្បីការពារខ្លួនពីជំងឺខាងលើនេះ សម្រាប់អ្នកមានដៃគូរួមភេទច្រើនត្រូវការពារខ្លួនឲ្យបានត្រឹមត្រូវក្នុងពេលរួមភេទម្តងៗ ហើយក្នុងករណីដែលលោកអ្នកមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើការព្យាបាល ឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ ភក្តី
ប្រភព៖ bbc