អន្តរជាតិ

ប្រធានាធិបតីលោក ចូ បៃដិន និងលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមព្រៀងគ្នាពង្រីកសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ START

BY
autoadmin
January 27, 2021

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមព្រៀងពង្រីកសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ដែលជិតផុតកំណត់រវាងប្រទេសទាំង ២ ។ មេដឹកនាំទាំង ២ បាននិយាយតាមទូរស័ព្ទជាមួយគ្នាជាលើកដំបូង ចាប់តាំងពីលោក ចូ បៃដិន បានចូលកាន់តំណែងជាផ្លូវការកាលពីសប្តាហ៍មុន។ សន្ធិសញ្ញាកាត់បន្ថយអាវុធថ្មី (START) ឬជាយុទ្ធសាស្ត្រកាត់បន្ថយអាវុធ គឺជាចំណុចសំខាន់នៃការសន្ទនានេះ ព្រោះវានឹងត្រូវផុតកំណត់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

សេតវិមាននិយាយថា ភាគីទាំង ២ បានយល់ព្រមធ្វើការជាបន្ទាន់ ដើម្បីពន្យាកិច្ចព្រមព្រៀងនេះសម្រាប់រយៈពេល ៥ឆ្នាំទៀត ហើយវិមានក្រឹមឡាំងក៏បានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាព្រមព្រៀងគ្នាក្នុងឆ្នាំ២០១០ និងត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាវុធពិភពលោក។ វាកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ មីស៊ីល និងយន្តហោះទម្លាក់គ្រាប់បែក ដែលប្រទេសមហាអំណាចទាំង ២ អាចដាក់ពង្រាយបាន។

ជម្រាបដែរថាសហរដ្ឋអាមេរិក និងរុស្ស៊ី បានបរាជ័យក្នុងការសម្រួលភាពខ្វែងគំនិតគ្នារបស់ពួកគេ ជុំវិញការពន្យាពេលសន្ធិសញ្ញានេះ កាលពីនៅក្រោមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយសារកាលនោះលោក ដូណាល់ ត្រាំ ធ្លាប់ចង់ភ្ជាប់លក្ខខណ្ឌបន្ថែមទៅនឹងកិច្ចព្រមព្រៀងមួយទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: