រដ្ឋផ្លរីដាបាននិយាយថា បើទីក្រុងតូក្យូខកខានមិនបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ខ្លួននឹងត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ
- BY
- autoadmin
- January 27, 2021
ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់រដ្ឋ Florida នៃសហរដ្ឋអាមេរិកបាននិយាយថា ក្រុង Sunshine បានត្រៀមរួចជាស្រេច ប្រសិនបើទីក្រុងតូក្យូខកខានមិនបានធ្វើជាម្ចាស់ផ្ទះអូឡាំពិកទេនោះ។ រំលឹកដែរថា ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ ត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃជំងឺ COVID-19 ហើយក៏នឹងត្រៀមរៀបចំឡើងវិញនៅខែកក្កដានេះ។ ប៉ុន្តែយ៉ាងណាដោយសារតែអំឡុងពេលនេះ ជប៉ុនកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងឺ COVID-19 កាន់តែខ្លាំងឡើង វាធ្វើឱ្យអនាគតនៃការបើកព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ មិនអាចរំពឹងទុកជាមុនបានទេ។

CFO គឺលោក Jimmy Patronis បានផ្ញើលិខិតទៅប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដោយនិយាយថា គាត់លើកទឹកចិត្តឱ្យពិចារណាផ្លាស់ប្តូរទីតាំងនៃការប្រកួតទៅកាន់រដ្ឋ Florida ។ នៅក្នុងលិខិតមួយនោះ លោកបានចង្អុលបង្ហាញពីចំណុចសំខាន់ៗរបស់ Florida ដែលធ្វើឱ្យវាក្លាយជាកន្លែងល្អសម្រាប់ព្រឹត្តិការណ៍ហ្គេម រួមមានការចាក់វ៉ាក់សាំងរបស់រដ្ឋ ការបើកអាជីវកម្មឡើងវិញ និងព្រឹត្តិការណ៍កីឡា ដែលកំពុងកើតឡើងនៅក្នុងរដ្ឋនាពេលបច្ចុប្បន្ន។ រដ្ឋ Florida ក៏គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Super Bowl លើកទី៥៥ នៅថ្ងៃទី០៧ ខែកុម្ភៈផងដែរ។
យ៉ាងណាខាងម្ចាស់ផ្ទះជប៉ុននិយាយថា ពួកគេនឹងប្រកាន់ខ្ជាប់នូវផែនការធ្វើជាម្ចាស់ផ្ទះអូឡាំពិកចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។ ជាស្ដែងនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ក៏បាននិយាយថា គាត់ប្តេជ្ញាចិត្តថានឹងបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូដែលសុវត្ថិភាព ដើម្បីជាភ័ស្តុតាងបង្ហាញថាមនុស្សជាតិអាចយកឈ្នះវីរុសនេះបាន៕


អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






