អន្តរជាតិ

ធនាគារពិភពលោកបានព្យាករណ៍ថា វិបត្តិនៃជំងឺកូវីដ១៩ កំពុងរុញច្រានពលរដ្ឋថៃប្រមាណ ១,៥ លាននាក់ ធ្លាក់ចូលទៅរកភាពក្រីក្រ

BY
autoadmin
January 29, 2021

របាយការណ៍សេដ្ឋកិច្ចមួយរបស់ធនាគារពិភពលោក (World Bank) ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន The Thiager បានឲ្យដឹងថា មានពលរដ្ឋថៃប្រមាណជា ១,៥ លាននាក់ កំពុងតែឈានទៅរកភាពក្រីក្រ ព្រោះតែវិបត្តិនៃជំងឺ COVID-19 ។ ប្រភពដដែលនេះបានបញ្ជាក់ថា មូលហេតុចម្បង ដែលកំពុងរុញច្រានពលរដ្ឋថៃទៅកាន់បន្ទាត់នៃភាពក្រីក្រ គឺដោយសារការរាត្បាតនៃជំងឺ COVID-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងខ្លាំង ខណៈវិស័យមួយនេះគឺជាឆ្នាំងបាយដ៏សំខាន់របស់ពួកគេ។

របាយការណ៍របស់ធនាគារពិភពលោកក៏បានឲ្យដឹងផងដែរថា សេដ្ឋកិច្ចរបស់ថៃបានធ្លាក់ចុះខ្លាំងបំផុតចាប់ពីត្រីមាសទី២ នៃឆ្នាំ ២០២០ និងបន្តរហូតដល់ដាច់ឆ្នាំ ហើយជាលទ្ធផលនៅក្នុងឆ្នាំ២០២០ អាត្រានៃពលរដ្ឋក្រីក្រថៃបានកើនដល់ ៨,៨% បើធៀបទៅនឹងឆ្នាំ២០១៩ អាត្រានេះមានត្រឹមតែ ៦,២ % ប៉ុណ្ណោះ។

ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចឲ្យងើបឡើងវិញ ថៃបានសម្រេចបន្ថែមការចំណាយជាច្រើនឲ្យមានតម្លៃស្មើនឹង ១៣% នៃផលិតផលក្នុងស្រុកសរុប តែយ៉ាងណាក្តីធនាគារពិភពលោកបានធ្វើការព្យាករណ៍ថា ថៃត្រូវការពេលវេលា ២ឆ្នាំ ទើបអាចធ្វើឲ្យសេដ្ឋកិច្ចខ្លួនត្រលប់មករកភាពធម្មតាវិញដូចកាលមិនទាន់មានវិបត្តិនៃជំងឺរាតត្បាត។ ទន្ទឹមនឹងបានមើលឃើញពីចំណុចអវិជ្ជមានខាងលើនេះ ធនាគារពិភពលោកក៏បានមើលឃើញនូវចំណុចល្អមួយចំពោះសេដ្ឋកិច្ចថៃផងដែរ គឺបើយោងតាមការព្យាករណ៍នៅក្នុងឆ្នាំនេះសេដ្ឋកិច្ចថៃអាចនឹងកើនឡើងវិញ ៤% ខណៈកាលពីឆ្នាំមុនវាបានឆ្លាក់ចុះរហូតដល់ ៦,៥% ឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thiager

Share This Post: