អ្នកមុជទឹកសញ្ជាតិអង់គ្លេស៖ គេប្រើវិធីស្រង់ក្លិនទើបអាចរកឃើញកន្លែងក្មេងៗថៃលាក់ខ្លួននៅក្នុងរូងភ្នំ
ប្រតិបត្តិការជួយសង្គ្រោះក្មេងថៃទាំង១២នាក់ និងគ្រូបង្វឹកកីឡាបាល់ទាត់ម្នាក់បានបញ្ចប់ទៅដោយជោគជ័យហើយ តែយ៉ាងណាក្តីនៅមានចម្ងល់មួយចំនួនពីសំណាក់មហាជនទូទៅអំពីរបៀបនៃការស្វែងរកក្មេងៗទាំងនោះ ដោយអ្នកខ្លះបាននិយាយថា វាទំនងជារឿងចៃដន្យ ឬសំណាង ខណៈអ្នកខ្លះអះអាងការរកឃើញក្មេងៗទាំងនោះគឺអាស្រ័យលើជំនាញពិសេសរបស់អ្នកមុជទឹកសញ្ជាតិអង់គ្លេសម្នាក់។
ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ អ្នកមុជទឹកសញ្ជាតិអង់គ្លេសលោក John Volanthen បានប្រាប់សារព័ត៌មាន BBC ថា ការស្វែងរកឃើញកន្លែងក្មេងៗសម្ងំលាក់ខ្លួននៅកន្លែងសុវត្ថិភាពក្នុងរូងភ្នំនោះមិនមែនជារឿងចៃដន្យឡើយ តែវាគឺជាលទ្ធផលនៃការប្រើប្រាស់ជំនាញវិជ្ជាជីវៈរបស់គាត់ និងក្រុមការងារគាត់ទាំងស្រុងតែម្តង។ អ្នកមុជទឹកជំនាញរូបនេះបានបន្ថែមថា គេអាចរកកន្លែងក្មេងៗសម្ងំលាក់ខ្លួនបានតាមរយៈក្លិនរបស់ពួកគេ។
ក្នុងយុទ្ធការណ៍ស្វែងរកនេះ ក្រុមអ្នកមុជទឹកត្រូវមុជក្រោយផ្ទៃទឹកគ្រប់ទីកន្លែង ហើយពេលដល់កន្លែងណាមានទីចំហនៅលើផ្ទៃទឹកដែលអនុញ្ញាតឲ្យគេងើបចេញពីក្នុងទឹកបាន គឺគេងើបភ្លាមដើម្បីស្រង់ក្លិនរបស់ក្មេងៗ។ អ្នកមុជទឹករូបនេះបានអះអាងថា គាត់បានស្រង់ក្លិនរបស់ក្មេងៗមុន ទើបគាត់ដើរតាមក្លិននោះបណ្តើរ និងព្យាយាមស្រែករកពួកគេបណ្តើរទើបអាចទៅដល់កន្លែង ដែលពួកគេជាប់ខ្លួន និងអាចជួយសង្គ្រោះពួកគេបាន៕
អត្ថបទ៖ ភក្តី
ប្រភព៖ mirror




