ប្ដីប្រពន្ធជាមហាសេដ្ឋីកាណាដា ជួលយន្តហោះឯកជនមួយ បន្លំខ្លួនធ្វើជាកម្មករ ដើម្បីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចុងក្រោយត្រូវអាជ្ញាធរពិន័យ និងប្រឈមជាប់គុក ៦ ខែ
- BY
- autoadmin
- January 28, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា ប្ដីប្រពន្ធមួយគូមកពីទីក្រុង Vancouver ដែលប្ដីមានឈ្មោះថា Rodney Baker គឺជាមហាសេដ្ឋី និងជាប្រធានកាសីណូរបស់ក្រុមហ៊ុន Great Canadian Gaming Corporation និងប្រពន្ធឈ្មោះ Ekaterina Baker ដែលជាតារាសម្ដែងម្នាក់ ត្រូវបានមន្ត្រីប៉ូលីសធ្វើការផាកពិន័យ បន្ទាប់ពីរូបគេទាំង ២នាក់ បានជួលយន្តហោះឯកជនមួយ ហោះបន្ដទៅកាន់សហគមន៍ជនជាតិដើម Yukon នៃប្រទេសកាណាដា ដោយមិនធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនោះទេ ហើយក៏បានបន្លំខ្លួនទទួលយកវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទីនោះផងដែរ។

ប្រភពបាននិយាយថា ប្ដីប្រពន្ធទាំង ២នាក់ បានមកដល់ទីក្រុង Whitehorse នៅថ្ងៃទី១៩ ខែមករា ហើយក្រោយមកបានជួលយន្តហោះឯកជនមួយ ហោះទៅតំបន់ Beaver Creek ដែលជាតំបន់របស់សហគមន៍ជនជាតិដើម Yukon មានមនុស្សតែ ៩០ នាក់ប៉ុណ្ណោះ។ ពួកគេមិនបាននៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ឱ្យស្របតាមវិធានការការពាជំងឺរាតត្បាតនោះទេ។
បន្ទាប់ពីទៅដល់ទីនោះអ្នកទាំង ២ បានទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយបានប្រាប់អ្នកចាក់វ៉ាក់សាំងថា ពួកគេជាអ្នកធ្វើការនៅផ្ទះសំណាក់ក្បែរនោះ។ ដោយសារពួកគេបានកុហកថា ជាអ្នកនៅទីនោះ ដូច្នេះពួកគេមិនចាំបាច់មានអត្តសញ្ញាណបញ្ជាក់ថាជាជនជាតិ Yukon ក៏បាន។ ក្រោយពីបានទទួលវ៉ាក់សាំងបង្ការជំងឺរួច អ្នកទាំង ២ ក៏បានហោះចេញពីនោះភ្លាម ប៉ុន្តែពួកគេត្រូវបានឃាត់ខ្លួននៅព្រលានយន្តហោះទីក្រុង Whitehorse ដោយសារតែអាជ្ញាធររបស់សហគមន៍ Yukon បានដឹងថា ពួកគេមិនមែនជាកម្មករនៅទីនោះទេ។
អ្នកទាំង ២នាក់ បានទទួលការពិន័យចំនួន ២ គឺមួយសម្រាប់ការមិននៅដាច់ដោយឡែក និងទី២ ចំពោះការខកខានមិនបានអនុវត្តតាមសេចក្តីប្រកាស ជាទឹកប្រាក់ចំនួន ៩០០ដុល្លារ ក្នុងម្នាក់ៗ។ អ្នកទាំង ២ ក៏ត្រូវប្រឈមចំពោះបទចោទប្រកាន់ធ្ងន់ធ្ងរចំនួន ២ គឺពិន័យជាប្រាក់ ៣៩០ ដុល្លារ បូកនឹងការបង់ថ្លៃបន្ថែម ៦០ ដុល្លារ, ដាក់ពន្ធនាគាររយៈពេល ៦ ខែ ឬទាំងពីរ៕


អត្ថបទ៖ លីដា
ប្រភព៖ Daily Mail
- Share This Post:






