សហភាពអឺរ៉ុបកំពុងដាក់ចេញនូវការរឹតត្បឹតព្រំដែនសម្រាប់អ្នកធ្វើដំណើរមកពីជប៉ុន ដោយសារតែការកើនឡើងនៃករណីជំងឺកូវីដ១៩របស់ប្រទេសនេះ
- BY
- autoadmin
- January 29, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា សហភាពអឺរ៉ុបកំពុងដាក់បំរាមឡើងវិញលើភ្ញៀវទេសចរមកពីប្រទេសជប៉ុន ដោយសារតែបច្ចុប្បន្ននេះមានករណីឆ្លងជំងឺ COVID-19 យ៉ាងច្រើននៅក្នុងប្រទេសនេះ។ សហគមន៍អឺរ៉ុបបានចេញសេចក្តីប្រកាសនេះ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការត្រួតពិនិត្យលើបញ្ជីឈ្មោះប្រទេស ថាតើប្រទេសណាត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅតំបន់នេះ។

សហគមន៍អឺរ៉ុបធ្លាប់បន្ថែមប្រទេសជប៉ុនទៅក្នុងបញ្ជី «អនុញ្ញាតឱ្យមានការធ្វើដំណើរចូលតំបន់» របស់ពួកគេកាលពីខែកក្កដា បន្ទាប់ពីបានមើលឃើញថាប្រទេសនេះអាចគ្រប់គ្រងការរាតត្បាត។ ប៉ុន្តែជាមួយនឹងគោលនយោបាយថ្មី ការចូលពីប្រទេសជប៉ុននឹងត្រូវហាមឃាត់ លើកលែងតែមនុស្សដែលមានហេតុផលចាំបាច់សម្រាប់ការធ្វើដំណើរ។ រដ្ឋជាសមាជិកសហភាពអឺរ៉ុបនីមួយៗ អាចបង្កើតច្បាប់ផ្ទាល់ខ្លួនថា តើត្រូវហាមឃាត់អ្នកទេសចរពីប្រទេសជប៉ុនឬទេ ដោយសារពួកគេមានសិទ្ធិគ្រប់គ្រងព្រំដែនរបស់ពួកគេរៀងខ្លួន។
វាអាចទៅរួចដែលថា សហគមន៍អឺរ៉ុបច្បាស់ជានឹងដាក់កម្រិតតឹងរឹងចំពោះការធ្វើដំណើរពីប្រទេសជប៉ុន ដោយសារពួកគេបានយល់ព្រមរឹតបន្តឹងលើសកម្មភាពទាំងនៅក្នុងសហភាពអឺរ៉ុប និងនៅតាមព្រំដែនរបស់ខ្លួន។ ជាមួយនឹងការដកប្រទេសជប៉ុនចេញពីបញ្ជីនេះ សហភាពអឺរ៉ុបកំពុងអំពាវនាវដល់ប្រទេសជាសមាជិករបស់ខ្លួន ឱ្យដកការរឹតត្បិតលើការធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ថៃ អូស្រ្តាលី នូវែលហ្សេឡង់ និងរវ៉ាន់ដា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






