អន្តរជាតិ

យុវជនម្នាក់អាយុទើប ១៦ឆ្នាំសោះ ថ្លើមធំហ៊ានរៀបចំគម្រោងធ្វើភេរវកម្មវាយប្រហារបែបនេះនៅសិង្ហបុរី

BY
autoadmin
January 31, 2021

សិង្ហបុរី៖ យុវជនសិង្ហបុរីវ័យ ១៦ ឆ្នាំម្នាក់ត្រូវអាជ្ញាធរសម្រេចឃុំខ្លួនដោយយោងទៅតាមច្បាប់ការពារសន្តិសុខជាតិបន្ទាប់ពីគេបានរកឃើញថា យុវជនរូបនេះបានរៀបគម្រោងធ្វើភេរវកម្មវាយប្រហារក្រុមម៉ូស្លីម នៅវិហារអ៊ីស្លាមពីរកន្លែងស្ថិតនៅតំបន់ Woodlands។ ក្នុងពេលចាប់ខ្លួនយុវជនរូបនេះមានមុខរបរត្រឹមជាសិស្សកំពុងរៀនថ្នាក់អនុវិទ្យាល័យប៉ុណ្ណោះ ហើយដោយសារតែរូបគេមិនទាន់គ្រប់អាយុសម្រាប់ទទួលទោសទើបខាងអាជ្ញាធរមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់យុវជនរូបនេះទេ ខណៈរូបគេគឺជាអ្នកទោសភេរវកម្មក្មេងជាងគេបង្អស់សម្រាប់ប្រទេសសិង្ហបុរីផងដែរ។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា យុវជនរូបនេះត្រូវបានជម្រុញទឹកចិត្តឲ្យមានគំនិតចង់ធ្វើភេរវកម្មបន្ទាប់ពីគេបានមើលសកម្មភាពភេរវកម្មដែលជាការបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅក្នុងក្រុង Christchurch នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៩ តាមរយៈបណ្តាញសង្គម YouTube ។ តាមគម្រោងយុវជនសិង្ហបុរីរូបនេះចង់ធ្វើភេរវកម្មមួយនៅក្នុងថ្ងៃគំរប់ខួប ២ ឆ្នាំ នៃការធ្វើភេរវកម្មខាងលើនេះ ដោយរូបគេនឹងប្រើប្រាស់កាំបិតពិឃាតមួយ។

តាមភស្តុតាងដែលក្រុមអាជ្ញាធរបានរកឃើញគឺយុវជនរូបនេះបានរៀបគម្រោងរួចជាស្រេចដូចជា កំណត់ទីតាំងសម្រាប់ធ្វើភេរវកម្មគឺក្នុងអាគារចំនួន ២ ផ្សេងគ្នា មធ្យោបាយធ្វើដំណើរ កន្លែងចតយានយន្ត ផ្លូវដែលគេត្រូវធ្វើដំណើរ របៀបនៃការសម្លាប់មនុស្ស ហើយរូបគេថែមទាំងបានរៀបចំសំបុត្រចំនួន ២ សម្រាប់ផ្ញើទៅកន្លែង ២ផ្សេងគ្នារួចទៀតផងបន្ទាប់ពីរូបគេបានស្លាប់នៅក្នុងពេលធ្វើភារវកម្មនោះ។

គេបានរកឃើញទៀតថា យុវជនរូបនេះបានទិញអាវសម្រាប់ពាក់ធ្វើភេរវកម្មរួចហើយ ខណៈរូបគេកំពុងសន្សំលុយទិញកាំបិតមួយបន្ថែមទៀតតាមផ្សារ Online ក្នុងតម្លៃ ១៩០ ដុល្លារសិង្ហបុរី (១៤៣ ដុល្លារអាមេរិក)។ យ៉ាងណាក្តីអាជ្ញាធរសិង្ហបុរីបានរកឃើញថា ការរៀបចំគម្រោងធ្វើភេរវកម្មរបស់យុវជនរូបនេះគឺពុំមានការចូលរួមពីមិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់នោះទេ ពោលគឺរូបគេរៀបចំតែម្នាក់ឯងប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់អាជ្ញាធរសិង្ហបុរីបានឲ្យដឹងថា ក្នុងការឃុំខ្លួននេះគេនឹងផ្តល់ការប្រឹក្សាយោបល់និងគំនិតល្អៗទៅកាន់យុវជនដើម្បីលាងជម្រះគំនិតហឹង្សាចេញពីក្នុងខួរក្បាលរបស់គេផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz

Share This Post: