ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រមុខអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យមានភាពស្មើគ្នានៅក្នុងការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩

    BY autoadmin January 30, 2021
    ប្រមុខអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យមានភាពស្មើគ្នានៅក្នុងការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩

    ប្រមុខអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានភាពស្មើគ្នា នៅក្នុងការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅជុំវិញពិភពលោក។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានធ្វើការអំពាវនាវនេះនៅថ្ងៃសុក្រ ពោលគឺជិតមួយឆ្នាំបន្ទាប់ពីអង្គការសហប្រជាជាតិបានប្រកាសថាជំងឺ COVID-19 គឺជាបញ្ហាជាបន្ទាន់នៃសុខភាពសាធារណៈ (Public Health Emergency of International Concern) ។

    លោក Tedros បាននិយាយថា កាលពីមួយឆ្នាំមុនមានករណីជំងឺតិចជាង ១០០ ដែលបានរកឃើញនៅក្រៅទឹកដីប្រទេសចិន ប៉ុន្តែចាប់តាំងពីពេលនោះមករហូតដល់ពេលនេះ ការឆ្លងនៅទូទាំងពិភពលោកបានកើនឡើងដល់ ១០០ លាននាក់។ លោកបានអំពាវនាវដល់បណ្តាប្រទេសដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដើម្បីធានាថា បុគ្គលិកសុខាភិបាល និងមនុស្សចាស់ទទួលការចាក់ថ្នាំបង្ការមុនគេ។

    លោកក៏បានជំរុញឱ្យពួកគេបរិច្ចាគថ្នាំដែលប្រើមិនអស់ ទៅដល់គម្រោងកម្មវិធី COVAX ដែលត្រូវបានរចនាឡើងដើម្បីផ្ដល់វ៉ាក់សាំងបង្ការទៅដល់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍។ លោក Tedros បានស្នើឱ្យអ្នកដែលមានហានិភ័យទាបនៃការឆ្លងត្រូវរង់ចាំវេនរបស់ពួកគេ ដោយមិនចាំបាច់ដណ្ដើមជាមួយអ្នកមានហានិភ័យខ្ពស់នោះឡើយ។

    បច្ចុប្បន្ននេះការចាក់វ៉ាក់សាំងចាក់ថ្នាំបង្ការជំងឺកំពុងកើតឡើងនៅក្នុងប្រទេសអភិវឌ្ឍន៍ ហើយលោក Tedros បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយនិយាយថា៖ «យើងនឹងមិនអាចបំបាត់ការរាតត្បាតនៅទីណាបានទេ រហូតដល់យើងបញ្ឈប់ការចម្លងនៅទីនោះជាមុន»៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: