អន្តរជាតិ

ចោរកំពូលស៊យ ចូលប្លន់ធនាគារមួយកន្លែងនៅថៃ ទាំងមិនដឹងថាខ្លួនឯងត្រូវឆ្នោត ចុងក្រោយប៉ូលិសថៃក្របួចជាប់ លុយប្លន់ធនាគារក៏មិនបានចាយ លុយត្រូវឆ្នោតក៏មិនបានបេីក

BY
autoadmin
February 2, 2021

ថៃ៖ ចោរក្លាហានម្នាក់បានដើរចូលទៅប្លន់យកប្រាក់អស់ជាង ២ ម៉ឺនដុល្លារ (៦សែនបាត) ពីធនាគារមួយកន្លែងនៅក្នុងប្រទេសថៃ ហើយបានដើរចេញពីធនាគារដោយសុវត្ថិភាព ប៉ុន្តែអ្វីដែលគួរឱ្យអស់សំណើរបំផុតនោះគឺថា ក្រោយពេលប៉ូលីសធ្វើការស៊ើបអង្កេត និងរឹបអូសបានវត្ថុតាងរបស់ចោរនោះ ទើបដឹងថា ចោរនោះមានសំណាងត្រូវឆ្នោតទឹកប្រាក់រង្វាន់ ១សែនបាត ដែលបានប្រកាសលទ្ធផលឆ្នោតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Thairath បានឲ្យដឹងថា ហេតុការណ៍ប្លន់នោះបានកើតឡើងនៅម៉ោង ១០ និង ៣០ នាទីព្រឹក កាលពីថ្ងៃទី២៥ ខែមករា ហើយចំពោះទីតាំងកើតហេតុវិញ គឺនៅធនាគារ Krung Thai Bank ដែលមានសាខានៅក្នុងផ្សារទំនើប Bang Kapi ក្នុងទីក្រុងបាងកក ប្រទេសថៃ។ តាមការស៊ើបអង្កេតលើមេរ៉ាសុវត្ថិភាពបានបង្ហាញថា លោកចោររូបនោះគឺជាបុរសដែលមានអាយុប្រហែលជា ២៧-២៨ឆ្នាំ ស្លៀកពាក់ខោអាវពណ៌ខ្មៅ និងប្រើកាំភ្លើងខ្លីមួយដើម។ ចោរនោះបានធ្វើសកម្មភាពតែម្នាក់ឯង ហើយមិនបានប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនអ្វីមួយ សម្រាប់ធ្វើជាមធ្យោបាយពេលមកធ្វើសកម្មភាពប្លន់នោះទេ។

បន្ទាប់ពីការស៊ើអង្កេតរួច មន្ត្រីប៉ូលីសក៏បានចាប់ខ្លួនលោកចោរដែលមានសំណាងម្នាក់នោះ និងរឹបអូសវត្ថុតាងជាច្រើន ហើយតាមរយៈវត្ថុតាងទាំងនោះគេឃើញថា ចោរនោះក៏បានលេងឆ្នោតផ្សងសំណាងផងដែរ។ បើតាមការចុះផ្សាយចុងក្រោយបង្អស់របស់ Thai TV Social បានបញ្ជាក់ថា ចោរនោះគឺជាអ្នកមានសំណាងត្រូវលេខឆ្នោត ២ ខ្ទង់ចុងក្រោយ ដែលត្រូវបានគេប្រកាសលទ្ធផលម្សិលមិញនេះ ប៉ុន្តែគួរឱ្យសោកស្ដាយ ដែលលោកចោរមិនទាន់បានស្ដាប់លទ្ធផលឆ្នោតផង ក៏ត្រូវបានប៉ូលីសចាប់ខ្លួនបានមុន។ មហាជនជាច្រើនបាននិយាយបែបលេងសើចថា «លើកក្រោយស្ដាប់លទ្ធផលឆ្នោតសិន រួចចាំចេញប្លន់»៕

អត្ថបទ៖ ភក្តី
ប្រភព៖ Thairath , Khaosaan

Share This Post: