អន្តរជាតិ

ពលរដ្ឋមីយ៉ាន់ម៉ានាំគ្នាគោះចានគោះឆ្នាំង និងស៊ីផ្លេពេញទីក្រុង ដើម្បីប្រឆាំងពួកយោធាដែលបានចាប់ខ្លួនមេដឹកនាំរបស់ពួកគេ

BY
autoadmin
February 3, 2021

ការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី កាលពីព្រឹកថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ កំពុងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសមានការមិនសប្បាយចិត្តនោះឡើយ។ ជាក់ស្ដែងបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ពលរដ្ឋនៅក្នុងទីក្រុង Yangon បានធ្វើការគោះឆ្នាំគោះចាន និងស៊ីផ្លេពេញផ្លូវ ដើម្បីជាការបញ្ជាក់ពីការប្រឆាំងជាមួយរដ្ឋប្រហារមួយនេះ។

សូម្បីតែបុគ្គលិកពេទ្យនៅតាមទីក្រុងធំៗក៏គ្រោងនឹងចេញធ្វើកូដកម្ម ខណៈពេលដែលសកម្មជនកំពុងអំពាវនាវឱ្យមានយុទ្ធនាការនៃការរើបម្រះស៊ីវិល។ យ៉ាងណាអ្នកឆ្លើយឆ្លងព័ត៌មាននិយាយថា យោធាហាក់ដូចជាគ្រប់គ្រងការតវ៉ានេះបានយ៉ាងរឹងមាំ។ ចំណែកសមាជិកសភាជាង ១០០ នាក់ ក៏ត្រូវបានយោធាឃុំឃាំងនៅកន្លែងស្នាក់នៅរបស់ពួកគេ ក្នុងរដ្ឋធានី Nay Pyi Taw ប៉ុន្តែឥឡូវនេះពួកគេអាចចេញពីទីនោះបានហើយ។

គួររំលឹកដែរថា ពួកយោធាបានធ្វើរដ្ឋប្រហារនៅព្រឹកព្រលឹមថ្ងៃច័ន្ទ និងបានប្រកាសភាពអាសន្នពេញមួយឆ្នាំ បន្ទាប់ពីបានចោទប្រកាន់គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ថាបានលួចបន្លំសន្លឹកឆ្នោត ជុំវិញជ័យជម្នះរហូតដល់ទៅ ៨០% ក្នុងការបោះឆ្នោតថ្មីៗនេះ។ ប៉ុន្តែយ៉ាងណាខាងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានទាមទារឱ្យមានការដោះលែងលោកស្រី និងទាមទារឱ្យពួកយោធាទទួលស្គាល់លទ្ធផលឆ្នោតនេះ៕

បុគ្គលិកពេទ្យពាក់បូខ្មៅដើម្បីប្រឆាំងនឹងរបបយោធា

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: