រលកសមុទ្រស៊ូណាមិ កំពុងវាយប្រហារឆ្នេសមុទ្រជាច្រើនក្នុងប្រទេសអេស្ប៉ាញ
រលកយក្សស៊ូណាមិ ដែលមានកម្ពស់ជាងមួយម៉ែត្រកន្លះ បានវាយប្រហារឆ្នេសមុទ្រជាច្រើននៅតំបន់កោះ Majorca និង Menorca ក្នុងប្រទេសអេស្ប៉ាញ និងបានបង្កឲ្យមានការខូចខាតជាខ្លាំង។ បើយោងតាមក្រុមការងារជួយសង្រ្គោះរបស់អេស្ប៉ាញបានប្រាប់ឲ្យដឹងថា គិតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញជនរងគ្រោះណាម្នាក់ស្លាប់បាត់បង់ជីវិតនៅឡើយទេ ប៉ុន្តែទំហំនៃការខូចខាតហេដ្ឋរចនាសម្ព័ន្ធគឺមានលក្ខណៈទ្រង់ទ្រាយធំគួរសម។
កត្តាដែលធ្វើឲ្យមានការខូចខាតច្រើននេះ ក៏ដោយសារតែរលកនេះបានបក់បោកជាបន្តបន្ទាប់ និងបង្កឲ្យមានទឹកជំនន់លិចតាមដងផ្លូវ និងតាមរមណីដ្ឋានជាច្រើនទៀតផង។ ចំពោះទំហំនៃការខូចខាតសរុបនៅមិនទាន់ត្រូវបានគេធ្វើការវាយតម្លៃឲ្យបានច្បាស់លាស់នៅឡើយទេ តែអ្វីដែលគេអាចមើលឃើញជាក់ស្តែងនៅពេលនេះគឺថា មានផ្លូវមួយខ្សែរត្រូវបានបំផ្លាញ ទូកនេសាទ និងទូកសម្រាប់ជិះកំសាន្តជាច្រើនត្រូវបានខូចខាត និងមានផ្ទះមួយចំនួនរងនូវការខូចខាតផងដែរ។ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួនពេលនេះអាជ្ញាធរអេស្ប៉ាញកំពុងតែដាក់ពង្រាញក្រុមការងារជួយសង្គ្រោះជាច្រើននាក់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយកើតមានឡើង៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail

