ពូជធូរេន “ម៉ាន់ថង” ដ៏ល្បីរបស់ថៃ បានចេញដំណើរទៅកាន់ទីអវកាសហើយ
ថៃ៖ ធូរេនគឺជាផ្លែឈើមួយប្រភេទ ដែលអាចដាំដុះបានល្អនៅក្នុងប្រទេសថៃ ហើយផ្លែឈើប្រភេទនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជននៅបណ្តាប្រទេសអាស៊ីជាច្រើនផងដែរ។ សម្រាប់នៅក្នុងប្រទេសថៃវិញ គេបានហៅផ្លែធូរេនថា “ស្ដេចផ្លែឈើ” ព្រោះតែផ្លែឈើប្រភេទនេះមានតម្លៃថ្លៃ និងអាចជួយបង្កើនសេដ្ឋកិច្ចជាច្រើនលានដុល្លារដល់ប្រទេសថៃផងដែរ។
ដោយសារតែភាពល្បីល្បាញនៃផ្លែឈើនេះ ទើបក្រុមអ្នកស្រាវជ្រាវអវកាសថៃ បានសម្រេចនាំយកផ្លែឈើមួយនេះទៅកាន់ទីអវកាសនៅក្នុងថ្ងៃនេះ ដើម្បីចង់ដឹងថាតើផ្លែឈើប្រភេទនេះ នឹងប្រែប្រួលរសជាតិទៅជាយ៉ាងណានៅពេលដែលវាបានទៅដល់ទីអវកាស។ គម្រោងនាំយកផ្លែធូរេនទៅកាន់ទីអវកាសនេះ ត្រូវបានគេធ្វើឡើងដោយភ្ជាប់ជាមួយនឹងកម្មវិធី Blue Origin របស់ក្រុមហ៊ុនអវកាសរបស់អាមេរិកមួយ ដែលជាកម្មសិទ្ធរបស់លោកមហាសេដ្ឋី Jeff Bezos និងជាប្រធានក្រុមហ៊ុន Amazon ហើយយានអវកាសនោះបានចេញដំណើររបស់ខ្លួនទៅក្រៅភពកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ចំណែកឯធូរេនរបស់ថៃវិញត្រូវបានក្រុមហ៊ុន Space Elephant វេចខ្ចប់យ៉ាងស្អាតដាក់បញ្ចូនទៅជាមួយគេ។
សូមបញ្ជាក់ដែរថា លទ្ធផលក្រោយពីការនាំយកផ្លែធូរេនទៅកាន់ទី ដែលគ្មានទំនាញនេះ នឹងត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីយានអវកាសបានចុះមកដល់លើដីវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ coconuts