កូរ៉េខាងត្បូងរកឃើញនាវាចម្បាំងរបស់រុស្សីមួយគ្រឿង ដែលមានទ្រព្យសម្បត្តិជាង១ពាន់លានដុល្លារ នៅក្នុងបាតសមុទ្រ
កូរ៉េខាងត្បូង៖ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងមួយបានស្វែងរកឃើញ បំណែកនាវាចម្បាំងរបស់រុស្សីមួយគ្រឿង ដែលបានលិចក្នុងបាតសមុទ្រកាលពីជាង១០០ឆ្នាំមុន និងធ្វើការប៉ាន់ស្មានថា ក្នុងនាវានោះមានផ្ទុកទ្រព្យសម្បត្តិជាច្រើនពាន់លានដុល្លារ។ ក្រុមហ៊ុន ដែលបានប្រទះឃើញនាវាចម្បាំងរបស់រុស្សីនេះគឺក្រុមហ៊ុន Shinil Group ជាក្រុមហ៊ុនដ៏ល្បីមួយរបស់កូរ៉េខាងត្បូង។ តាមរយៈក្រុមហ៊ុនខាងលើបានឲ្យដឹងថា នាវាចម្បាំងនេះមានឈ្មោះថា The vessel Dimitrii Donskoi បានលិចកាលពីអំឡុងឆ្នាំ ១៩០៤-១៩០៥ ពោលគឺនៅក្នុងជំនាន់សង្គ្រាមរុស្សីជាមួយជប៉ុន។
នាវានេះត្រូវបានកប់នៅក្នុងបាតសមុទ្រជម្រៅ ៤៣៤ ម៉ែត្រ និងមានចម្ងាយ ១,៣ គីឡូម៉ែត្រពីកោះ Ulleung របស់កូរ៉េខាងត្បូង។ តាមការស្រាវជ្រាវអាចធ្វើឲ្យគេប៉ាន់ស្មានថានៅក្នុងនាវានោះអាចមានផ្ទុកមាសប្រមាណជា ២០០ តោន និងអាចមានតម្លៃប្រមាណជា ១៣៣ ពាន់លានដុល្លារ។ យ៉ាងណាក្តី ប្រតិបត្តិការណ៍ស្វែកទ្រព្យសម្បត្តិនៅក្នុងនាវានោះ នឹងត្រូវគេចាប់ផ្តើមធ្វើនៅក្នុងខែ តុលា ខាងមុខ ហើយលទ្ធផលនៃការស្វែងរកនឹងត្រូវបង្ហាញជាសាធារណៈក្នុងខែ ឆ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark