អាជ្ញាធរវៀតណាមឃាត់ខ្លួនមនុស្ស ៤នាក់ ក្រោយប្រទះឃើញរឿងនឹកស្មានមកដល់បែបនេះនៅក្នុងក្លាសេទុក
វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានពលរដ្ឋវៀតណាមចំនួន ៤នាក់ត្រូវបានចាប់ខ្លួន ក្រោយអាជ្ញាធររកឃើញថា ពួកគេបានប្រមូលសាកសពទារកប្រមាណជា ១,០០០ សាកសាពមករក្សាទុកនៅក្នុងផ្ទះដោយគ្មានការអនុញ្ញាត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងអគារអាផាតមិនមួយកន្លែងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ ប្រភពខាងលើបន្តថា មុនការរកឃើញសាកសពយ៉ាងច្រើននេះ ប៉ូលិសវៀតណាមបានប្រទះឃើញជនសង្ស័យយួរថង់ខ្មៅធំៗយ៉ាងចម្លែងបំផុតឡើងទៅលើអគារអាផាតមិន ហើយដោយសង្ស័យទើបប៉ូលិសសុំធ្វើការត្រួតពិនិត្យនិងបានរកឃើញសាកសាពមួយចំនួននៅក្នុងថង់ និងបន្ទាប់មកក៏បន្តឡើងទៅឆែកក្នុងផ្ទះទើបរកឃើញមានសាកសពប្រមាណជា ១,០០០ ដែលកំពុងក្លាសេទុកយ៉ាងត្រឹមត្រូវនៅក្នុងទូរទឹកកកធំៗចំនួន ២។ សាកសពទារកទាំងនោះគឺជាសាកសពដែលបានស្លាប់មុនពេលចាប់កំណើត ពោលគឺជាសាកសពទារកដែលត្រូវបានគេរំលូតចោល។

តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យបានឲ្យដឹងថា ពួកគេបានប្រមូលសាកសាពទារកទាំងនោះមកពីតាមមន្ទីរពេទ្យ ឬធុងសំរាមសម្រាប់យកទៅធ្វើបុណ្យតាមប្រពៃណីជូនពួកគេ តែដោយសារកន្លែងរៀបចំពិធីបុណ្យសពនៅឆ្ងាយនិងគាប់ជួនពួកគេពិបាករកមធ្យោបាយធ្វើដំណើរផង ទើបពួកគេសម្រេចរក្សាទុកសាកសពទាំងនេះនៅក្នុងផ្ទះមួយរយៈសិន។ បើតាមការស៊ើបអង្កេតរបស់ប៉ូលិសវៀតណាមបានបង្ហាញថា រហូតមកទល់នឹងពេលនេះគេគ្មានភស្តុតាងណាមួយឬតំរុយណាមួយបង្ហាញថាករណីនេះមានជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មនោះទេ តែសកម្មភាពរក្សាទុកសាកសពនេះអាចជះឥទ្ធិពលអាក្រក់ដល់បរិស្ថានហើយក្រុមជនសង្ស័យបានធ្វើសកម្មភាពនេះដោយគ្មានការអនុញ្ញាតពីអាជ្ញាធរនោះទេ ទើបខាងប៉ូលិសត្រូវតែឃាត់ខ្លួនពួកគេដើម្បីធ្វើការសាកសួរ។ គួរបញ្ជាក់ថា វៀតណាមគឺជាប្រទេសដែលមានអាត្រាអ្នករំលូតកូនដ៏ខ្ពស់មួយ ហើយមូលហេតុចម្បងនៃការរំលូតកូនមានដូចជា មានផ្ទៃពោះមុនរៀបការ កូនក្នុងផ្ទៃមានភេទខុសពីការចង់បានរបស់ម្តាយឪពុក ខណៈពលរដ្ឋមួយចំនួនទទួលបានអប់រំសុខភាពផ្លូវភេទតិចតួចបំផុត៕


អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz