ក្រុមហ៊ុនអាកាសចរណ៍ Air India សម្រេចផ្អាកជើងហោះហើរអន្តរជាតិមួយចំនួនរយៈពេល ៣ខែ ដោយសារបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ
ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ Air India សម្រេចផ្អាកជើងហោះហើរអន្តរជាតិជាច្រើនរយៈពេល ៣ខែ ដោយសារបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែឧសភា។ តាមគម្រោងគឺការផ្អាកជើងហោះហើរអន្តរជាតិមួយចំនួនជាបណ្តោះអាសន្ននេះនឹងត្រូវផ្តើមអនុវត្តចាប់ពីខែមិថុនាខាងមុខនេះ។

ប្រភពខាងលើបានបន្តថា ចំពោះជើងហោះហើរអន្តរជាតិមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលនឹងត្រូវផ្អាកនោះរួមមាន ជើងហោះហើរចេញពីទីក្រុងញូវដេលី ប្រទេសឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុងឈីកាហ្គោ ទីក្រុងញូវ៉ាក សហរដ្ឋអាមេរិក ទីក្រុងសៀងហៃ ប្រទេសចិន និងជើងហោះហើរឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។ បន្ថែមពីនេះទៀត ជើងហោះហើរអន្តរជាតិមួយចំនួនក៏នឹងត្រូវកាត់បន្ថយផងដែរ រួមមានជើងហោះចេញពីទីក្រុងញូវដេលី ប្រទេសឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងតូរ៉ុនតូ នៃប្រទេសកាណាដា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time