UN៖ មនុស្ស ៤៥លាននាក់អាចប្រឈមនឹងបញ្ហាខ្វះខាតអាហារ ប្រសិនបើច្រកសមុទ្រហ័រមូសនៅបន្តបិទ
បារាំង៖ របាយការណ៍មួយបង្ហាញថា មនុស្សរាប់លាននាក់អាចប្រឈមនឹងការខ្វះខាតអាហារ ឬគ្មានអាហារសម្រាប់ទទួលទានតែម្តង ប្រសិនបើច្រកសមុទ្រហ័រមូសនៅតែមិនអាចបើកឡើងវិញក្នុងដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែឧសភា។ របាយការណ៍នេះត្រូវបានសិក្សានិងផ្សព្វផ្សាយដោយក្រុមការងារពិសេសរបស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងបញ្ចៀសវិបត្តិមនុស្សធម៌នៅលើពិភពលោក។

បើតាមលោក Jorge Moreira da Silva ប្រធានដឹកនាំគម្រោងសិក្សាខាងលើបានពន្យល់ថា នាពេលបច្ចុប្បន្ននេះមានកប៉ាក់ដឹកជីជាច្រើនគ្រឿងកំពុងជាប់គាំងមិនអាចបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសនោះទេ ខណៈជីទាំងនោះគឺជាវត្ថុធាតុដើមយ៉ាងសំខាន់មួយសម្រាប់វិស័យកសិកម្មនៅក្នុងបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ ប្រធានដឹកនាំគម្រោងរូបនេះបានបន្តថា ប្រសិនបើច្រកសមុទ្រហ័រនៅតែបន្តបិទក្នុងរយៈពេលយូរទៀតនោះ ពោលគឺរហូតដល់ផុតរដូវដាំដុះក្នុងឆ្នាំនេះ គឺមានន័យថាកសិកររាប់លាននឹងគ្មានជីសម្រាប់ធ្វើកសិកម្មនោះទេ ហើយទិន្នផលសំខាន់ៗរបស់ពួកគេនៅឆ្នាំបន្ទាន់ ជាពិសេសគឺដំណាំស្រូវ នឹងត្រូវធ្លាក់ចុះយ៉ាងគំហុកតែម្តង។ តាមការវាយតម្លៃនៅក្នុងការសិក្សាបានបង្ហាញថា ប្រសិនបើសេណារីយ៉ូដូចបានជម្រាប់ជូនខាងលើបន្តកើតឡើងពិតមែននោះ គឺនឹងមានពលរដ្ឋប្រមាណជា ៤៥លាននាក់នឹងត្រូវជួបប្រទះបញ្ហាខ្វះខាតអាហារ ឬគ្មានអាហារសម្រាប់ទទួលទានតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time